រាជរដ្ឋាភិបាលកម្ពុជា ផ្អាកគម្រោងអភិវឌ្ឍវារីអគ្គិសនី កាត់ទន្លេមេគង្គ ដោយបង្វែរទៅរកប្រភពផ្សេងវិញ

0

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកគម្រោងអភិវឌ្ឍ វារីអគ្គិសនីកាត់ទន្លេមេគង្គ ខណៈការសិក្សាបានបង្ហាញថា ទំនប់វារីអគ្គិសនី អាចធ្វើឲ្យធ្លាក់ចុះ នូវប្រភេទត្រី និងប៉ះពាល់សេដ្ឋកិច្ចដ៏ធំ។ នេះបើយោងតាមAKP។

លោក វិចទ័រ ហ្សូណា អគ្គនាយកនៃនាយកដ្ឋាន ថាមពល នៃក្រសួងរ៉ែ និងថាមពល ប្រទេសកម្ពុជា បានឲ្យដឹងថា ផែនការមេសម្រាប់ វិស័យថាមពល រយៈពេល១០ឆ្នាំ គិតចាប់ពី២០២០ ដល់២០៣០ របស់កម្ពុជាដែលបានអនុម័តថ្មីៗនេះ គ្មានគម្រោងសាងសង់ ទំនប់វារីអគ្គិសនី នៅតាមទន្លេមេគង្គនោះទេ។ លោកមានប្រសាសន៍ថា រាជរដ្ឋាភិបាលងាកទៅស្វែងរក ប្រភពថាមពលដទៃទៀត ដូចជាថាមពល ពន្លឺព្រះអាទិត្យ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការថាមពល នៅកម្ពុជា។

លោក សេង ទៀក នាយកអង្គការ WWFប្រចាំកម្ពុជា បានចាត់ទុកការពន្យារពេល១០ឆ្នាំ ក្នុងការផ្អាកការអភិវឌ្ឍ ទំនប់វារីអគ្គិសនីនានា កាត់ទន្លេមេគង្គ ដែលបានប្រកាស ដោយរាជរដ្ឋាភិបាលកម្ពុជា គឺជាដំណឹងល្អបំផុត សម្រាប់អនាគតមនុស្ស រាប់លាននាក់រស់នៅ តាមដងទន្លេមេគង្គ និងជីវៈចម្រុះដ៏អស្ចារ្យ ដែលពឹងអាស្រ័យនឹងទន្លេនេះ។ ពិសេស សម្រាប់សត្វផ្សោតមេគង្គ នៅក្នុងប្រទេសកម្ពុជា ដែលជាប្រភេទសត្វទឹកសាប សំខាន់ជាសកល។

ថ្លែងបញ្ជាក់ចំពោះ ការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២០ ខែមីនានេះ លោក សេង ទៀក បានលើកឡើងថា ការសម្រេចចិត្តយ៉ាងត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា គឺជាឧទាហរណ៍គំរូ សម្រាប់ប្រទេសដទៃទៀត ឲ្យទទួលស្គាល់ថាទន្លេ ដែលមានលំហូរ តាមធម្មជាតិផ្តល់អត្ថប្រយោជន៍ មិនអាចកាត់ថ្លៃ បានសម្រាប់មនុស្ស និងប្រភេទសត្វជាច្រើន រាប់មិនអស់ពឹងអាស្រ័យលើ ទន្លេនេះ។

លោកបន្តថា អង្គការ WWF ត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយរាជរដ្ឋាភិបាល ក្នុងការគាំទ្រការអភិវឌ្ឍ ផែនការថាមពល ប្រកបដោយនិរន្តរភាព ដែលមានលក្ខណៈជាប្រព័ន្ធ និងផ្តោតលើ ជម្រើសថាមពល កកើតឡើងវិញ ដែលមិនប៉ះពាល់បរិស្ថាន ដោយមិនចាំបាច់ធ្វើ ទំនប់កាត់ទន្លេដែលកំពុងហូរ តាមបែបធម្មជាតិ របស់ប្រទេសកម្ពុជានោះឡើយ។

យោងតាមការសិក្សា របស់អ្នកជំនាញផ្នែកវិទ្យាសាស្ត្រ បានបង្ហាញថា ទំនប់វារីអគ្គិសនី អាចធ្វើឲ្យធ្លាក់ចុះនូវប្រភេទត្រី ជាច្រើនព្រមទាំងរាំងស្ទះលំហូរដីល្បាប់ ដែលអាចនឹងពន្លឿន ការជន់លិច និងការរួមតូចនៃដីសណ្តរ និងគម្រាមកំហែង ដល់ទិន្នផលកស្រូវ ជាច្រើនកន្លែង សហគមន៍នេសាទ និងនិរន្តរភាពសេដ្ឋកិច្ច ៕