ផ្ទៃដីបឹងតាមោកជាង៨០ហិកតាត្រូវបានកាត់ចេញដើម្បីបង្កើតសួន និងឧទ្យានធម្មជាតិសាធារណៈ

0

ភ្នំពេញ៖ ​ផ្ទៃដី​បឹងតាមោក​ចំនួន​ ៨៣ ​ហិកតាត្រូវបានរាជរដ្ឋាភិបាលបានសម្រេចកាត់ជូនរដ្ឋបាលរាជធានី​ភ្នំពេញ និង​អគ្គស្នងការដ្ឋាន​គរបាល​ជាតិ​ដើម្បី​បង្កើត​សួន និង​ឧទ្យាន​ធម្មជាតិ​សាធារណៈ និង​សាងសង់​អគារ​រួមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិក្រសួងមហាផ្ទៃ​។
យោងតាមលិខិត​ចុះ​ថ្ងៃទី ​១៣ ​ខែមីនា ឆ្នាំ​ ២០២០ របស់ទីស្ដីការ​គណៈរដ្ឋមន្ត្រីបាន​គូសបញ្ជាក់ថា​៖ «​រាជរដ្ឋាភិបាល​យល់ព្រម​ផ្តល់​ផ្ទៃ​បឹងតាមោក​ទំហំ​ ៧៥ ​ហិកតា​ស្ថិត​នៅ​សង្កាត់​គោករកា ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ ដើម្បី​បង្កើត​សួន និង​ឧទ្យាន​ធម្មជាតិ​សាធារណៈ​នៅ​រាជធានី​ភ្នំពេញ​» ។

ចំណែកលិខិត​មួយច្បាប់ដែលចេញនៅថ្ងៃដដែលនោះក៏បានបញ្ជាក់ថា​៖ «​រាជរដ្ឋាភិបាល​យល់ព្រម​ផ្តល់​ផ្ទៃ​បឹងតាមោក​ (​បឹងកប់ស្រូវ​) ​ទំហំ​ ៨ ​ហិកតា ​ស្ថិត​នៅ​សង្កាត់​គោករកា ខណ្ឌ​ព្រែកព្នៅ-រាជធានី​ភ្នំពេញ​ដើម្បី​សាងសង់​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​»។

ប្រវត្តិបឹងតាមោក៖
*បឹងកប់ស្រូវ គឺជាបឹងមួយ ដែលនៅសល់ចុងក្រោយក្នុងចំណោមបឹងស្តុកទឹកធំៗនៅក្នុងរាជធានីភ្នំពេញ ដែលមិនទាន់មានពាក់ព័ន្ធទៅនឹងការអភិវឌ្ឍ។ នៅជុំវិញបឹងនេះ មាន​ចំនួន ១៩​ ភូមិ ភូមិព្រែកព្នៅ ភូមិសំរោងត្បូង ភូមិអន្លង់ក្ងាន ភូមិធំត្បូង ភូមិបឹងធំ ភូមិព្រៃពង្រ ភូមិ៤មុខ ភូមិវែង ភូមិស្វាយឧត្តម ភូមិត្រពាំងទទឹង ភូមិថ្នល់បន្ទាយ ភូមិកន្ទ្រង់ ភូមិត្រពាំងរនៀម ភូមិកោះរងៀង ភូមិព្រៃស្វាយ ភូមិត្នោតខ្ពស់ ភូមិត្រពាំងអំពិល និងភូមិចុងទួល ​ ​ ចំនូន៥​សង្កាត់ សង្កាត់ពន្សាំង សង្កាត់ព្រែកព្នៅ សង្កាត់ពញាពន់ សង្កាត់សំរោង និង សង្កាត់ឃ្មួញ និង ២ខណ្ឌ​ ខណ្ឌព្រែកព្នៅ និង ខណ្ឌសែនសុខ។

ប្រជាពលរដ្ឋដែលរស់ជុំវិញបឹងនោះ បានអាស្រ័យផលពីបឹងមានដូចជា ​ការធ្វើស្រែ រកត្រី និង​ដាំដំណាំជាដើម។ តំបន់នេះ(ជុំវិញបឹង)មិនទាន់បាន​ចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនៅឡើយទេ។

នៅថ្ងៃទី​ ០៣ ខែកុម្ភៈ ឆ្នាំ២០១៦ រដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីការកំណត់ផ្ទៃបឹង ចំនួន ៣២៣៩ ហិចតា ដែលគ្របដណ្តប់បឹងតាមោក (បឹងកប់ស្រូវ) និងដី​ជុំវិញ ​ទុកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ យោងតាម​​ច្បាប់ភូមិបាល ដីសាធារណៈរបស់រដ្ឋ គឺមិនអាចត្រូវបានគ្រប់គ្រងដោយនរណាម្នាក់នោះទេក្រៅពីរដ្ឋ​។
បឹង​តាមោក ជាបឹង​ធម្មជាតិ ហើយ​ក៏ជា​អាងស្តុកទឹក​ធំ​បំផុត​នៅភាគ​ខាងលិច​ឆៀង​ខាងជើង នៃ​រាជធានី​ភ្នំពេញ ខណៈ​ដែល​បច្ចុប្បន្ន​បឹងមួយ​ចំនួន​ត្រូវបាន​អភិវឌ្ឍ​ទៅជា​ទីក្រុង​រណប។

បឹងតាមោកគឺជាបឹងធម្មជាតិដ៏ធំមួយដែល មានទីតាំងឋិតនៅក្នុង ខណ្ឌព្រែកព្នៅ ដែលសព្វថ្ងៃនេះត្រូវបានគេយកជាទីតាំងសម្រាប់បង្ហូរទឹកសម្អុយ និងជាទីរំដោះទឹកជំនន់ដែលតែងតែកើតមានឡើងនៅក្នុងទីក្រុងភ្នំពេញ បន្ទាប់ពីបឹងធម្មជាតិធំៗ មួយចំនួនដែលឋិតនៅក្នុងរាជធានីភ្នំពេញត្រូវបានគេចាក់ដីលប់ ដើម្បីធ្វើការអភិវឌ្ឍន៍។ ក្រោយពីបឹងធំៗទាំងនោះត្រូវបានលុប គេសង្កេតឃើញថាបញ្ហាទឹកជន់លេចទីក្រុង តែងកើតមានជាញឹកញាប់ ដែលបណ្តាលអោយមានផលប៉ះពាល់ជាច្រើនដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ និងជាតិទាំងមូលផង។ ទន្ទឹមនឹងបញ្ហានេះផងដែរក៏មានមតិមួយចំនួនបានលើកឡើងថា តើតាមរយៈការលុបបឹងធម្មជាតិជាច្រើននៅក្នុងទីក្រុង ដោយបង្ហូរទឹក ចូលក្នុងបឹងតាមោកតែមួយអាចទប់ស្កាត់បញ្ហាទឹកជំនន់ដ៏ធំមួយនេះបានឬយ៉ាងណា?
កាលពីប៉ុន្មានសប្តាហ៍មុនមានសារព័ត៌មានមួយចំនួនបានចុះផ្សាយអំពី ផលប៉ះពាល់មួយចំនួនដែលបង្ករឡើងដោយបឹងតាមោកនេះ។ ដោយសព្វថ្ងៃនេះបឹងតាមោក បានជះក្លឹនដ៏អាក្រក់ដែល បង្ករផល់ប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ និងអ្នកដែលរស់នៅជិតលូរបង្ហូរទឹកនោះជាខ្លាំង។នេះបើយោងតាមវិគីភិឌា៕