ក្រោយបិទ ព្រំដែនទាំងសងខាង ពេលនេះកម្ពុជា-វៀតណាម រកឃើញដំណោះស្រាយ ដោះដូរទំនិញហើយ

0

ភ្នំពេញ៖ បន្ទាប់ពីប្រទេសកម្ពុជានិងវៀតណាម បានសម្រេចបិទច្រកព្រំដែន ទាំងសងខាងនោះនៅរសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ បានរកដំណោះស្រាយថ្មីចំនួន៤ លើការដោះដូរទំនិញ រវាងប្រទេសទាំង២ ។

សូមរំលឹកថា ក្រោយពីវៀតណាម សម្រេចបិទព្រំដែនជាមួយកម្ពុជា កាលពីថ្ងៃទី១៨មីនា ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ភ្លាមៗសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បានសប្រកាសបិទព្រំដែន មិនអនុញ្ញាតពលរដ្ឋវៀតណាម ចូលមកកម្ពុជា ចាប់ពីម៉ោង ១២យប់ ថ្ងៃទី២០ ខែមីនាតទៅ រហូតដល់វៀតណាមបើក ច្រកព្រំដែនជាមួយកម្ពុជាឡើងវិញផងដែរ ។

ក្នុងកិច្ចប្រជុំទ្វេភាគីនោះភាគីកម្ពុជា-វៀតណាម បានឯកភាពសម្រេចអនុវត្ត ដំណោះស្រាយចំពោះមុខរួមមាន៖

១.អនុញ្ញាតឱ្យរថយន្តដឹកទំនិញចូលដល់តំបន់ ស ហើយធ្វើការផ្លាស់ប្តូរអ្នកបើកបរ ។

២.អនុញ្ញាតឱ្យរថយន្តដឹកទំនិញចូលដល់តំបន់ ស ហើយប្តូរក្បាលឡានសណ្តោង។

៣.អនុញ្ញាតឱ្យរថយន្ត ដឹកទំនិញចូលដល់តំបន់ ស ហើយធ្វើការផ្ទេរទំនិញ ឬលើកផ្ទេរកុងតឺន័រពីរថយន្តភាគីម្ខាង ទៅដាក់លើរថយន្តភាគីម្ខាងទៀត។

៤.អនុញ្ញាតឱ្យរថយន្ត ដឹកទំនិញពីភាគីវៀតណាម ចូលដល់ផែស្ងួតណាមួយ នៅក្បែរព្រំដែន រួចផ្ទេរទំនិញចេញ និងអាចផ្ទុកទំនិញ ដែលត្រូវនាំចេញ ពីកម្ពុជាទៅវិញ ដោយតម្រូវឱ្យអ្នកបើកបរ ត្រូវស្លៀកពាក់ សម្លៀកបំពាក់សុវត្ថិភាពការពារ Virus ដែលអនុញ្ញាត ដោយចត្តាឡីស័ក និង សូមឱ្យសមត្ថកិច្ចពាក់ព័ន្ធខាងកម្ពុជា ជួយសហការធានាថា អ្នកបើកបរមិនបាន ទៅណាខុសពីតម្រាយផ្លូវ និងទៅជួបប្រាស្រ័យ ទាក់ទងជាមួយអ្នកផ្សេង ។

យោងតាមស្មារតីនៃអង្គប្រជុំ ភាគីទាំងពីរបានឯកភាពផ្សព្វផ្សាយ នូវដំណោះស្រាយទាំងនេះ ទៅដល់ធុរជន ដែលមានការពាក់ព័ន្ធ ដល់ការដឹកជញ្ជូនទំនិញ ហើយធុរជនអាចជ្រើសយក ជម្រើសមួយណាក៏បាន ដែលល្អសម្រាប់ពួកគាត់ ដោយអនុវត្ត តាមវិធានការពារ ដែលណែនាំដោយចត្តាឡីស័ក ។

ដើម្បីដោះស្រាយការកកស្ទះ នៅព្រំដែន ភាគីទាំងពីរបានសម្រេច អនុញ្ញាតឲ្យអនុវត្តភ្លាម ហើយសម្រាប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ គឺសមត្ថកិច្ចពាក់ព័ន្ធទាំងសងខាង ឯកភាពសម្រួល អនុញ្ញាតឱ្យ ធ្វើប្រតិបត្តិការរហូតដល់ម៉ោង១០យប់ ។ ដំណោះស្រាយទាំង ៤ជម្រើសនេះ នឹងត្រូវបានយកមកអនុវត្ត ចំពោះគ្រប់មាត់ច្រក ដែលមានព្រំប្រទល់ជាប់ខេត្តតៃនិញ របស់ប្រទេសវៀតណាម និងបានឯកភាពគ្នាបន្ត កិច្ចសហការដោះស្រាយ នូវបញ្ហាប្រឈមចំពោះមុខ ដែលអាចកើតមាន ជាយថាហេតុ ៕