ភ្នំពេញ៖ ប្រធានសម្ព័ន្ធសហជីព ចលនាកម្មករ លោក ប៉ាវ ស៊ីណា បានសំណូមពរ ដល់ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ជួយឧបត្ថម្ភ ផ្តល់ជាកញ្ចប់ថវិកាកំរិតណាមួយ ដល់បងប្អូនបុគ្គលិក និយោជិត ដើម្បីជួយសម្រាលនូវ ទុក្ខលំបាករបស់ពួកគាត់ បន្ទាប់ពីក្រសួងសុខាភិបាល សម្រេចបិទ KTV និងរោងភាពយន្ត ទូទៅប្រទេស ចាប់ពីថ្ងៃ១៧ មីនា រហូតដល់ ជម្ងឺកូវីដ-19 បានធូរស្រាល។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីព ចលនាកម្មករបានសរសេរ នៅលើគេហទំព័រហ្វេសប៊ុកថា “ដោយសារការរាតត្បាត នៃជម្ងឺកូវីដ១៩ បានធ្វើអោយបុគ្គលិក និយោជិត បំរើការងារនៅតាមក្លឹបកំសាន្ត (ខារ៉ាអូខេ )និងនៅតាមរោងភាពយន្តនានា ក្នុងប្រទេសកម្ពុជា រាប់ពាន់នាក់ត្រូវបាន ផ្អាកការងារ ជាបណ្តោះអាសន្ម ដោយគ្មានកំណត់ ពេលវេលា គឺពឹងផ្អែកលើស្ថានភាពៃជម្ងឺកូវីដ១៩ ។ ច្បាស់ណាស់ថា ការផ្អាកការងារនេះ និងធ្វើអោយបុគ្គលិក និយោជិតទាំងអស់ នៅក្នុងវិស័យនេះ និងរងផលប៉ះពាល់ធ្ងន់ធ្ងរ ចំពោះសេដ្ឋកិច្ច ក្រុមគ្រួសាររបស់ពួកគាត់ ។ ក្នុងកាលៈទេសៈដ៏លំបាកនេះ ខ្ញុំសូមសំណូមពរ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជួយឧបត្ថម្ភ ផ្តល់ជាកញ្ចប់ថវិកា កំរិតណាមួយ ដល់បងប្អូនបុគ្គលិកនិយោជិត ដើម្បីជួយសម្រាលនូវទុក្ខលំបាករបស់ពួកគាត់” ៕