ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ក្រុមអ្នកវិនិយោគជប៉ុន នៅកម្ពុជា កុំឲ្យភ័យបារម្ភ លើបញ្ហាដែលកំពុងតែ ជួបប្រទះនេះ ព្រោះកម្ពុជាគឺកំពុងតែ មានវិធានការទប់ស្កាត់ហើយ។
ក្នុងជំនួបជាមួយ លោក តាកាហាស៊ី ហ្វ៊ូមីអាគី(Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណ ចំពោះលោក តាកាហាស៊ី ដែល បានចែករំលែក នូវព័ត៌មាន ពាក់ព័ន្ធជាមួយនឹង ជំងឺកូវីដ១៩ ។
សម្ដេចតេជោ ក៏បានជម្រាបជូនប្រតិភូទាំងមូល អំពីស្ថានភាព ជាទូទៅនៃជំងឺកូវីត១៩ ដែលទើបតែនឹងកើតឡើង នៅកម្ពុជារយៈពេលថ្មីៗនេះ ប៉ុណ្ណោះ។ សម្ដេចតេជោ បានមានប្រសាសន៍ថា បញ្ហាជំងឺខូវីដ១៩នេះ គឺជាបញ្ហាដែលយើងអាច គ្រប់គ្រងបាន ប៉ុន្តែអ្វីដែលជាបញ្ហាចម្បងនោះ គឺបញ្ហាជំងឺភ័យខ្លាច ។
ក្នុងនេះដែរ សម្ដេចតេជោ ក៏បានជម្រាបជូនប្រតិភូ អំពីវិធានការទប់ស្កាត់ បញ្ហាក្នុងករណី ដែលមានជំងឺកូវីដនេះ ដោយរយៈពេលខ្លី ៦ខែ និងរយៈពេលវែង ដោយសម្ដេចបានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា បានមានផែនការ រួចជាស្រេចហើយ ដើម្បីដោះស្រាយបញ្ហាជំងឺនេះ ក្នុងករណីដែលជំងឺនេះ នៅមានក្នុងរយៈពេលវែងឬក៏ខ្លី នៅកម្ពុជា ឬនៅលើពិភពលោក ។
យ៉ាងណាក៏ដោយ សម្ដេចតេជោក៏បាន ស្វាគមន៍ អ្នកវិនិយោគដែលកំពុង វិនិយោគនៅកម្ពុជា និងអ្នកវិនិយោគ ដែលទើបមកជួបសម្ដេច នៅពេលនេះសុំកុំឲ្យមាន ការភ័យបារម្ភអ្វីលើបញ្ហា ដែលកំពុងតែជួបប្រទះនេះ ព្រោះកម្ពុជាគឺកំពុងតែ មានវិធានការទប់ស្កាត់ហើយ។
ជាមួយនេះលោក តាកាហាស៊ី បានជម្រាបជូន សម្ដេចផងដែរថា ប្រតិភូដែលលោកនាំមក កម្ពុជាពេលនេះ គឺជាប្រតិភូ អ្នកវិនិយោគដែលមាន ចំណាប់អារម្មណ៍ ហើយកំពុងតែធ្វើការយ៉ាងមមាញឹក នៅក្នុងការវិនិយោគ នៅក្នុងកម្ពុជា ដែលទី១ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលមានការប្រើប្រាស់ សារធាតុរកឃើញថ្មី ដើម្បីធ្វើផ្លូវថ្នល់ ដោយចំណាយថវិកាតិច, ទី២ការផលិតសាប៊ូ ដែលជាសាប៊ូសម្អាតកាយ, ទី៣ គឺការជំរុញការវិនិយោគ ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឱ្យមានភាពសកម្មឡើងថែមទៀត ៕