ភ្នំពេញ៖នាយឧត្តមសេនីយ៍ កែ គឹមយ៉ានប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា កាលពីឆ្នាំ២០១៩កន្លងទៅ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន៩.៨០៦ករណី កើនឡើងប្រមាណ២២.៥៤% ឃាត់ខ្លួនជនសង្ស័យ ចំនួន ២០.៤៩០នាក់ កើនឡើងប្រមាណ២៤,៥៤% និងចាប់យកគ្រឿងញៀន ចំនួន ៧៥០គីឡូក្រាម កើនឡើងប្រមាណ៣៩,៩៦%។
ក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ និងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី៤ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួងមហាផ្ទៃនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន មានប្រសាសន៍ថា “ក្នុងឆ្នាំ២០១៩ កន្លងមកនេះ សមត្ថកិច្ចអនុវត្តច្បាប់បង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន៩.៨០៦ករណី (កើនឡើងប្រមាណ២២.៥៤%) ឃាត់ខ្លួនជនសង្ស័យបានចំនួន ២០.៤៩០នាក់(កើនឡើងប្រមាណ២៤,៥៤%)ចាប់យកគ្រឿងញៀនគ្រប់ប្រភេទបានចំនួន ៧៥០គីឡូក្រាម (កើនឡើងប្រមាណ៣៩,៩៦%)”។
លោកបន្ដថា ព្រមទាំងបានបង្កក និងរឹបអូសនូវអចលនៈ និងចលនវត្ថុជាសម្ភារ និងថវិកាពាក់ព័ន្ធមួយចំនួនទៀត ក្នុងនោះ បង្ក្រាបបានករណីធំៗ ចំនួន៦១ករណី ដែលមានជនសង្ស័យចំនួន១៤០នាក់ ជនបរទេស៥៤នាក់ មេក្លោងចំនួន២៧នាក់ និងបក្សពួកពាកព័ន្ធ ១១៣នាក់។
លោកបន្ថែមថា ជាមួយគ្នានេះ តាមរយៈប្រតិបត្តិការដ៏ម៉ឹងម៉ាត់របស់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បានទប់ស្កាត់ និងលុបបំបាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅតាមក្លឹបកម្សាន្ដ និងទីតាំងសប្បាយដ្ឋាននានា ទូទាំងប្រទេស ចុងឆ្នាំ២០១៩កន្លងទៅនេះ៕