ភ្នំពេញ៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រៀងញៀន បានថ្លែងថា ក្រុមឧក្រិដ្ឋជននៅតែប្រើប្រាស់កម្ពុជា ធ្វើជាទីកន្លែងឆ្លងកាត់គ្រឿងញៀន ពិសេស នៅតាមបណ្ដា ខេត្តជាប់ ព្រំដែនជាមួយ ប្រទេសជិតខាង ដូច្នេះ ភាគីពាក់ព័ន្ធ ត្រូវមានវិធានការទប់ស្កាត់ គ្រប់ពេលវេលាផងដែរ។
យោងតាមរបាយការណ៍សង្ខេប ស្ដីពី លទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០១៩ អានដោយ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ និងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី៤ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួងមហាផ្ទៃ ដោយមានការចូលរួម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ មានប្រសាសន៍ថា “ក្រុមឧក្រិដ្ឋជននៅតែប្រើប្រាស់ កម្ពុជាធ្វើជាទីកន្លែងឆ្លង កាត់គ្រឿងញៀន ពិសេសបណ្ដាខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាង ហើយបច្ចុប្បន្នចរន្ដហូរចូលគ្រឿងញៀនមកកម្ពុជា ក្រៅពីទិសនៅភាគឥសាន ក៏មានការហូរចូលតាមព្រំដែន កម្ពុជា-ថៃ និងមានការលួចនាំចេញតាមច្រកព្រំដែន កម្ពុជា-វៀតណាម ជាករណីបទល្មើសគ្រឿងញៀនធំៗផងដែរ”៕