Home សង្គម សមយុទ្ធនាគមាសរវាងកងទ័ពកម្ពុជា-ចិន ក្រោមប្រធានបទ “រួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌កម្ពុជា-ចិន” 

សមយុទ្ធនាគមាសរវាងកងទ័ពកម្ពុជា-ចិន ក្រោមប្រធានបទ “រួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌កម្ពុជា-ចិន” 

0

ភ្នំពេញ៖សមយុទ្ធនាគមាសឆ្នាំ២០២០ រវាងកងយោធពលខេមរភូមិន្ទកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន ក្រោមប្រធានបទ “រួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌កម្ពុជា-ចិន” បាននិងកំពុងធ្វើឡើង តាមការគ្រោងទុក ចាប់ពីថ្ងៃទី១៤ ខែមីនា ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ នៅលាហ្វឹកហ្វឺន តេជោសែន ជុំគិរី នៃកងពលតូចលេខ៧០ ស្រុកជុំគិរី ខេត្តកំពត។

សមយុទ្ធនាគមាស លើកទី៤នេះ មានកម្លាំងចូលរួម ជាង៣ពាន់នាក់ ដែលក្នុងនោះភាគីចិន មានកងទ័ពចូលរួម សរុប ២៦៥នាក់ ចំណែកភាគីកម្ពុជា មានកម្លាំងចូលរួម ២៨៧១នាក់។ គ្រឿងយុទ្ធភណ្ឌ សម្រាប់បំពាក់ ឱ្យសមយុទ្ធនេះ មានឧទ្ធម្ភាចក្រ កាំភ្លើងធំ រថក្រោះ រថពាសដែក កាំភ្លើងត្បាល អាវុធធុនស្រាល និងបរិក្ខាយោធាមួយចំនួនទៀតជាដើម។

“សមយុទ្ធនាគមាសឆ្នាំ២០២០” នៅតែបន្តផ្តោតសំខាន់ លើការប្រឆាំងភេវរកម្ម និងការងារមនុស្សធម៌ ដែលជាឱកាស សម្រាប់កងទ័ពប្រទេសទាំង២ កម្ពុជា-ចិន បន្តសិក្សារៀនសូត្រ ដកបទពិសោធន៍ទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពវិជ្ជាជីវៈ ក្នុងជួយសង្រ្គោះ ប្រជាពលរដ្ឋ ពេលមានគ្រោះមហន្តរាយ ការរក្សាសន្តិភាព ក៏ដូចជាសម្រាប់ការបំពេញ ភារកិច្ចការពារជាតិ កាន់តែមានប្រសិទ្ធភាព និងខ្លាំងក្លាថែមទៀត។

សមយុទ្ធនាគមាស បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញមិត្តភាព ទំនាក់ទំនង កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំជាពិសេស កិច្ចសហប្រតិបត្តិការ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះ ប្រជាជនចិន ខណៈដែល មិត្តភាពជាដែកថែប រឹងមាំ ជាងដំណាក់កាលណាៗ ទាំងអស់ របស់ប្រទេសទាំងពីរ ត្រូវបានកើតឡើង ក្នុងដំណាក់កាលដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាចក្រកម្ពុជា និង ឯកឧត្តម ស៊ី ជីនពីង ប្រធានាធបិតី នៃសាធារណរដ្ឋ ប្រជាមានិតចិន។

គួរបញ្ជាក់ថា នេះជាលើកទី៤ហើយ ដែលកងទ័ពកម្ពុជា-ចិន ធ្វើលំហាត់នាគមាសរួមគ្នា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលើកទី១ ធ្វើឡើងនៅឆ្នាំ២០១៦ និងលើកទី២ នៅឆ្នាំ២០១៨ លើកទី៣នៅឆ្នាំ២០១៩។ ចំណែកលទ្ធភាព នៃការធ្វើសមយុទ្ធ ក៏កាន់តែធំឡើង ពីមួយឆ្នាំទៅមួយឆ្នាំ៕

Previous articleថ្ងៃ១៤ មីនា បង្ក្រាប​បទល្មើស​គ្រឿងញៀន ២៨ករណីឃាត់ខ្លួន​ជនសង្ស័យ ​៤៨នាក់
Next articleក្រុមខ្លាំងប៉ះគ្នា ខណៈដែលក្រុមស្គាល់ត្រឹមបរាជ័យជួបគ្នាស្វែងរកជ័យជម្នះលើកដំបូង