ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា រហូតមកដល់បច្ចុប្បន្ននេះ កុងតឺន័រផ្ទុកវត្ថុធាតុដើមចំនួន ១០០០ ដែលនាំចូលពីចិន បានដឹកទៅផ្គត់ផ្គង់ជាពិសេស តាមបណ្ដារោងចក្រនានា នៅក្នុងប្រទេសកម្ពុជា ស្របពេលដែលពិភពលោក កំពុងមានការព្រួយបារម្ភ ចំពោះការរីរាលដាលជាសកល នៃជំងឺកូវីដ១៩ ។
ក្នុងពិធីជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំសង្កាត់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ខេត្តបាត់ដំបងជាង ២០០០នាក់ នៅថ្ងៃទី១៤ មីនានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មកដល់ពេលនេះ អ្វីដែលយើងបង្កើតឡើងគឺសន្តិភាព និងឯកភាពជាតិជាលើកដំបូង នៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។ សន្តិភាពលើដែនដី ដែលធ្លាប់មានសង្គ្រាម ហើយក៏បានប្រែក្លាយទៅជា ប្រទេសដែលមាន សុខសន្តិភាពពេញលេញ និងរីកចម្រើន។
សម្ដេចតេជោ ថ្លែងថា អង្គការសុខភាពពិភពលោកបានប្រកាសថា អឺរ៉ុបគឺជាមជ្ឈមណ្ឌលនៃ ការផ្ទុះជំងឺឆ្លងកូវីដ១៩ ហើយស្ថានភាពនៃកូវីដ១៩នេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់សេដ្ឋកិច្ចពិភពលោក ហើយមិនមែនត្រឹមតែ ការប៉ះពាល់សេដ្ឋកិច្ចទេ គឺធ្វើអោយប៉ះពាល់ដល់ គម្លាតនយោបាយរវាងប្រទេស និងប្រទេសទៀតផង ។ សម្ដេចថា ដើម្បីទប់ស្កាត់ការ រីករាលដាលជំងឺឆ្លងកូវីដ១៩ ពីប្រទេសដែលកំពុងមានជំងឺឆ្លងដ៏គំហុគនេះ ក្រសួងសុខាភិបាលកម្ពុជា បានដាក់ការហាមឃាត់ប្រទេសចំនួន៥ មិនឲ្យឆ្លងចូលកម្ពុជាចំនួន ៣០ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ គឺរួមមាន សហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ អេស្ប៉ាញ និងប្រទេសអ៊ីតាលី ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រីបញ្ជាក់ថា «ការគាំទ្ររបស់មិត្តចិន ដល់កម្ពុជាក្នុងស្ថានភាពដ៏លំបាកនេះ ដែលមកដល់ពេលនេះមានកុងតឺណ័រជាង ១០០០ទូ ដែលផ្ទុកវត្ថុធាតុដើម បានចូលមកផ្គត់ផ្គង់ រោងចក្រនៅកម្ពុជាហើយ» ។
ក្នុងឱកាសនោះដែរ សម្ដេចតេជោ ក៏បានផ្ដល់នូវអនុសាសន៍ មួយចំនួនដល់មន្ត្រីខេត្ត ដែលត្រូវយកចិត្តទុកដាក់ធ្វើរួមមាន៖
១.ត្រូវអនុវត្តអោយបានល្អនូវការងារ ភូមិឃុំមានសុវត្ថិភាព និងត្រូវគ្រប់គ្រងកុំអោយមានក្រុមបងតូច បងធំ គ្រឿងញៀន ចោរកម្ម ។ល។ សូមអោយមន្ត្រីថ្នាក់ខេត្តរហូតថ្នាក់ភូមិ កងកម្លាំងមានសមត្ថកិច្ច រួមទាំងប្រជាពលរដ្ឋត្រូវចូលរួមទាំងអស់គ្នា។
២.ត្រូវរួមគ្នាផ្ដល់សេវាសាធារណៈអោយបានល្អជូនប្រជាពលរដ្ឋ ដែលនេះជាកិច្ចការត្រូវតែធ្វើអោយបានល្អ ដោយចៀសមិនបាន ដែលក្នុងនេះមានសេវាចាំបាច់នានា (រួមមានការចុះបញ្ជីជាតិ សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ និងសេវាសុខភិបាលជាដើម) ដែលចាំបាច់ត្រូវតែធ្វើអោយប្រជាជន អោយបានល្អ និងរហ័សរួមទាំងសេវាតម្រូវការចាំបាច់នានា ដូចជាផ្លូវ មន្ទីរពេទ្យ សាលារៀន អណ្ដូងទឹក និងសេវាផ្នែកច្បាប់ ជាដើម.. គឺត្រូវចូលរួមផ្តល់ និងដោះស្រាយជូនប្រជាជនទៅតាមលទ្ធភាព។ សម្ដេចតេជោ ក៏បានណែនាំអោយអាជ្ញាធរយកចិត្តទុកដាក់ រួមគ្នាដោះស្រាយបញ្ហាទំនាស់ដីធ្លី អោយបានសមស្រប បានលឿន និងមានប្រសិទ្ធភាពខ្ពស់។
៣.សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ច្បាស់ៗផងដែរថាមន្ត្រីទាំងអស់ ត្រូវរំលឹកខ្លួនឯងជាប្រចាំថា “ យើងមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺយើងជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន ហើយត្រូវយកយកចិត្តទុកដាក់បម្រើប្រជាជនឲ្យបានល្អ ៕