រដ្ឋមន្ត្រីមហាផ្ទៃ៖ បើសមត្ថកិច្ចមូលដ្ឋានខ្លាំង ទោះបទល្មើសអ្វី ក៏អាចបង្ក្រាប និងចាប់ជនល្មើសបានដែរ

0

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា បទល្មើសទាំងឡាយភាគច្រើន គឺកើតឡើងនៅតាមមូលដ្ឋាន ក្នុងករណីនេះបើកម្លាំងសមត្ថកិច្ច នៅតាមមូលដ្ឋានខ្លាំង និងការពារបានជាប់លាប់ រាល់បទល្មើសគ្រប់ប្រភេទ គឺអាចបង្ក្រាបបានទាន់ពេល និងចាប់ជនល្មើសយកមកផ្ដន្ទាទោស តាមច្បាប់បានថែមទៀត ។

ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តព្រៃវែង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅថ្ងៃទី១២ មីនានេះ សម្ដេច ស ខេង បានមានប្រសាសន៍ថា កាលពីពេលកន្លងទៅ ពិតជាមានមន្រ្តីខ្លះ មានតែឈ្មោះនៅតាមស្ថាប័ននានា ប៉ុន្តែអត់មកធ្វើការ ។ សម្ដេចថា បច្ចុប្បន្នបញ្ហានេះ គឺបានកាត់បន្ថយច្រើន ហើយក៏មិនសូវមានដែរ ។

សម្ដេចបន្តថា «នគរបាលស្រុក អធិការដ្ឋាន ដូចគ្នាចឹងដែរ ព្រោះពីរហ្នឹង យើងចាត់ទុកថា ជាថ្នាក់មូលដ្ឋាន !បើពីរហ្នឹង នគរបាលវាខ្លាំង វារឹងមាំចោរគ្មានរួចខ្លួនទេ អត់រួចខ្លួនទេ តែផ្ទុយទៅវិញ ពីរហ្នឹងវាខ្សោយទោះបីខាងលើវាខ្លាំងប៉ុណ្ណា ក៏ដោយក៏មិនអាចមើលអស់ដែរ»៕