សម្ដេច ស ខេង ប្រាប់ពលរដ្ឋកុំឲ្យជួល ដីស្រែតាមព្រំដែន ឲ្យប្រទេសជិតខាង

0

ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តព្រៃវែង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នាថ្ងៃទី១២ មីនានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានក្រើនរំលឹក និងប្រាប់លោកអភិបាលខេត្ត ជាប់ព្រំដែន ត្រូវណែនាំប្រជាពលរដ្ឋ កុំឲ្យជួលដីស្រែរបស់ខ្លួន ឲ្យទៅកសិករប្រទេសជិតខាង ក្នុងន័យដើម្បី ការពារបូរណភាព អធិតេយ្យភាពទឹកដីរបស់កម្ពុជា ។

សូមរំលឹកថា កាលពីឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរ ដើម្បីហាមប្រជាពលរដ្ឋខ្មែរ កុំឲ្យលក់ឬជួល ដីស្រែ ដីចំការ ឬដីលំនៅឋាននៅតាមព្រំដែន ឲ្យទៅប្រជាពលរដ្ឋនៃប្រទេសជិតខាង ដូចជាប្រទេសវៀតណាម ឡាវ និងថៃ ជាដើម ។

សម្ដេច ស ខេង បន្តថា មិនត្រូវឲ្យមានករណីគេសុំជួលដី បង្ករបង្កើនផលនៅតាមព្រំដែនជាដាច់ខាត ព្រោះនឹងនាំឲ្យមាន ការស្មុគស្មាញទៅថ្ងៃក្រោយ ហើយប្រជាពលរដ្ឋណា ដែលជួលដីស្រែឲ្យទៅប្រទេសជិតខាង គឺខុសច្បាប់ ៕