សម្ដេចក្រឡាហោម ឲ្យភាគីពាក់ព័ន្ធ ទប់ស្កាត់ព័ត៌មានក្លែងក្លាយ ទាក់ទងជំងឺកូវីដ១៩

0

ភ្នំពេញ៖ បន្ទាប់ពីមានការផុស ព័ត៌មានក្លែងក្លាយ ទាក់ទងបញ្ហារីករាលដាល នៃជំងឺកូវីដ១៩ នៅតាមបណ្ដាញសង្គមជាច្រើន ដែលនាំឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលបង្កឲ្យមានអំពើហិង្សា ភាពចលាចល និងអសន្តិសុខក្នុងសង្គម ។

ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តព្រៃវែង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នាថ្ងៃទី១២ មីនានេះ សម្ដេចស ខេង បានមានប្រសាសន៍ថា ព័ត៌មានក្លែងក្លាយជាចំណុចរសើប ព្រោះបច្ចុប្បន្នមនុស្សមួយចំនួន បានយកបញ្ហាជំងឺ COVID-19 ធ្វើអាជីវកម្មចុះផ្សាយ នូវព័ត៌មានមិនពិត ដើម្បីទទួលបានអ្នក Like អ្នក Share ច្រើន ដោយអាងថា ជាសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ ។

សម្ដេចបន្ថែមទៀតថា សិទ្ធិសេរីភាពបញ្ចេញមតិ គឺពលរដ្ឋអាចធ្វើការផ្សព្វផ្សាយ ពីភាពខ្វះចន្លោះរបស់រាជរដ្ឋាភិបាល មន្ត្រីអសកម្ម គឺអាចរិះគន់បាន ព្រោះធ្វើតាមគោលការណ៍រដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្ស ប៉ុន្តែអ្នកផ្សព្វផ្សាយព័ត៌មានមិនពិត គឺតែងតែងបំផ្លើស ធ្វើឲ្យរឿងស ទៅជាខ្មៅ ។

សម្តេច ក៏បានប្រាប់ឲ្យក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវបកស្រាយបំភ្លឺ ដល់ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ទាក់ទង់ការផ្សព្វផ្សាយ ព័ត៌មានមិនពិត និងសកម្មភាពផ្សេងៗ ៕