Home សង្គម សាលាក្រុងរំលឹកពលរដ្ឋឲ្យបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង

សាលាក្រុងរំលឹកពលរដ្ឋឲ្យបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង

0

ភ្នំពេញ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យអ្នកសារព័ត៌មានដឹង នៅថ្ងៃទី១២ ខែមីនា ពលរដ្ឋមួយចំនួន មិនបានបំពេញ កាតព្វកិច្ចបង់ថ្លៃសេវា ប្រមូលសំរាម និងសំណល់រឹងនៅឡើយ ដូច្នេះរដ្ឋបាលរាជធានី បានធ្វើការក្រើនរំលឹកជាថ្មី ឲ្យពលរដ្ឋ ចូលរួមបំពេញកាតព្វកិច្ច ។

លោកបញ្ជាក់ថា “នៅមាន បងប្អូនប្រជាពលរដ្ឋមួយចំនួនទៀត មិនទាន់បានបំពេញកាតព្វកិច្ចបង់ថ្លៃសេវា ប្រមូលសំរាម និងសំណល់រឹង នេះនៅឡើយ ដោយសារបងប្អូន នៅពុំទាន់យល់ពីការផ្លាស់ប្តូរ ប្រព័ន្ធបង់ប្រាក់ថ្មីនេះ និងអ្នកខ្លះទៀត ជាប់រវល់បំពេញភារកិច្ចការងារ និងប្រកបមុខរបររកស៊ីប្រចាំថ្ងៃ មិនទាន់ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ពីការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងនេះ”។

លោក ម៉េត មាសភក្តី អំពាវនាវសូមបងប្អូនប្រជាពលរដ្ឋ ដែលពុំទាន់បានបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ឬមិនទាន់មានលេខសំគាល់អតិថិជន (ID) សូមរួសរាន់ធ្វើការទំនាក់ទំនង មករដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ និងមកបង់ថ្លៃសេវាប្រមូលសំរាម សម្រាប់ខែមករា និងកុម្ភៈ ឆ្នាំ២០២០ ឱ្យបានទាន់ពេលវេលា ជៀសវាង រងការទទួលនូវវិធានការណ៍នានា របស់រដ្ឋបាលរាជធានីភ្នំពេញ និងដើម្បីចូលរួមថែរក្សាអនាម័យ បរិស្ថាន និងសោភណភាព រាជធានីភ្នំពេញ ឱ្យកាន់តែស្រស់ស្អាត។

សូមរំលឹកថាកន្លងទៅរដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹងថា ក្នុងដំណាក់កាលអន្តរកាលនេះប្រជាពលរដ្ឋត្រូវបង់ថ្លៃសេវាប្រមូលសំរាម តាមប្រព័ន្ធអេឡិចត្រូនិច ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ តាមសេចក្តីណែនាំលេខ ០១៧/១៩ សណន.ស ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ របស់រដ្ឋបាលរាជធានីភ្នំពេញ ៕

 

Previous articleលោក ពេជ្រ ស្រស់ ស្នើឲ្យសមត្ថកិច្ចរូតវាំងននខ្មៅ យកជនបង្កផ្តន្ទាទោស ករណី​ស្ត្រីលោតពីខុនដូ​សម្លាប់ខ្លួនពាក់ព័ន្ធស្នេហាជាមួយឧកញ៉ាជំនួញល្បី​
Next articleស្លាប់​ ៣​នាក់ និងរបួស ​៥​នាក់ ​ក្នុងហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ថ្ងៃ១១ មីនា​