ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានព្រមានអនុវត្តវិន័យចំពោះ អធិការខណ្ឌគ្រប់រូប ក្នុងករណីរកឃើញ បទល្មើសគ្រឿងញៀនកើតឡើងនៅតាមក្លឹប រង្គសាលកម្សាន្ត នៅក្នុងភូមិសាស្ត្រគ្រប់គ្រងរបស់ខ្លួន ដែលមិនរាយការណ៍ និងមិនធ្វើការបង្ក្រាប បែរជាឲ្យកម្លាំងពីថ្នាក់លើ ចុះទៅបង្ក្រាបជំនួសនោះវិញ ។
ការព្រមានអនុវត្តវិន័យចំពោះអធិការខណ្ឌ បន្ទាប់ពីកាលពីពេលកន្លងទៅ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅបង្ក្រាបដោយខ្លួនឯង ជាក់ស្ដែងដូចជាក្លឹបកម្សាន្តប្លាយ នៅជ្រោយចង្វារ, មជ្ឈមណ្ឌល កម្សាន្តរ៉ុក នៅចំការមន, ក្លឹបកម្សាន្តលុចសារី នៅដូនពេញ និងក្លឹបកម្សាន្តម៉ៃ អាមី ជាដើម។
ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងដំឡើងឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក ស ថេត បានជំរុញឲ្យកម្លាំងនៅតាមបណ្តា អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ត្រូវបន្តចេញប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនឲ្យ មានប្រសិទ្ធភាពដើម្បីរក្សាសន្តិសុខ សុវត្ថិភាពសង្គមកាន់តែប្រសើរ ។
ឧត្តមសេនីយ៍ឯក ស ថេត លើកឡើងទៀតថា បញ្ហាបទល្មើសគ្រឿងញៀន ត្រូវតែចេញបង្ក្រាប និងទប់ស្កាត់មិនត្រូវដកថយនោះឡើយ ពីព្រោះជនដែលប្រព្រឹត្តបទល្មើសគ្រឿងញៀន បានទៅធ្វើសកម្មភាពបទល្មើសផ្សេងទៀត បង្កប៉ះពាល់អសន្តិសុខសង្គម ។ បញ្ហាគ្រឿងញៀនវាក៏បាន បង្កឱ្យរងផលប៉ះពាល់គ្រោះថ្នាក់ ដល់អនាគតយុវជន ដែលជាទំពាំងស្នងប្ញស្សី ក្នុងការចូលរួមកសាងអភិវឌ្ឍប្រទេសជាតិ ។
លោកឧត្តមសេនីយ៍ឯក ក៏បានបញ្ជាឲ្យមានការបង្ក្រាប និងទប់ស្កាត់បទល្មើសគ្រឿងញៀន នៅចំណុចបឹងកក់ ដែលជាតំបន់ស្មុគស្មាញ ដោយគ្រឿងញៀន និងនៅចំណុចផ្សេងទៀត ដែលមានសកម្មភាពលក់ចែកចាយ ជួញដូរគ្រឿងញៀន ៕