យ៉ាងហោចណាស់មានជាង២០កម្មវិធី ដែលក្រុមហ៊ុន Sensor Tower បានប្រើប្រាស់ដើម្បីលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់

0

ភ្នំពេញ៖យោងតាមប្រភព BuzzFeed News បានផ្សព្វផ្សាយថា ក្រុមហ៊ុន Sensor Tower បានប្រើកម្មវិធីដ៏ពេញនិយមរបស់គេមានដូចជា Luna VPN និង Unlimited VPN នៅក្នុង Google Play Store ហើយ Luna VPN និង AdBlock Focus នៅក្នុង Apple App Store ដើម្បីលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថាក្រុមហ៊ុន Sensor Tower អាចជ្រៀតចូលក្នុងទូរសព្ទ ដោយតម្រូវឱ្យអ្នកប្រើប្រាស់បញ្ចូលកម្មវិធី (Root Certificate) ដែលជាកម្មវិធីដែលគេអាចប្រើដើម្បីទាញយកទិន្នន័យ។ ចាប់តាំងពីឆ្នាំ ២០១៥ ក្រុមហ៊ុននេះ បានដាក់ឱ្យប្រើកម្មវិធីចំនួនប្រមាណ ២០ សម្រាប់ទាំងប្រព័ន្ធប្រតិបត្តិការអេនដ្រយ (Android) និង iOS ហើយនាពេលថ្មីៗនេះក្រុមហ៊ុន Apple បានលុបចោលកម្មវិធី AdBlock Focus ចំណែកឯក្រុមហ៊ុនអេនដ្រយបានលុបចោលកម្មវិធី Mobile Data ហើយ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមណែនាំដល់អ្នកប្រើប្រាស់លុបចោលកម្មវិធីពីក្រុមហ៊ុន Sensor Tower ព្រមទាំងកម្មវិធីណាដែលលោកអ្នកមានការសង្ស័យ ព្រោះថាអ្វីដែលគ្រោះថ្នាក់បំផុតនោះគឺលោកអ្នកប្រហែលជាគិតថាកម្មវិធីទាំងនោះមានអត្ថប្រយោជន៍ណាស់សម្រាប់លោកអ្នក តែតាមការពិតវាគ្រាន់តែជានុយដើម្បីលួចយកទិន្នន័យរបស់លោកអ្នកប៉ុណ្ណោះ៕