ភ្នំពេញ៖ មន្ទីរសុខាភិបាលខេត្តសៀមរាប បង្ហាញថា បុរសម្ចាស់ PassApp ដែលដឹកជនជាតិជប៉ុនផ្ទុកជំងឺកូវីដ១៩ ត្រូវបានយកសំណាកទៅធ្វើតេស្តរកកូវីដ១៩ ដោយឃើញលទ្ធផលអវិជ្ជមាន តែបុរសនោះក៏ត្រូវបានដាក់ឲ្យនៅដោយឡែក និងតាមដានចំនួន ១៤ថ្ងៃ នៅក្នុងអគារជំងឺឆ្លងនៃ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។
យោងតាមហ្វេសប៊ុករដ្ឋបាល ខេត្តសៀមរាបបានឲ្យដឹងថា កាលពីព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ មន្ទីរសុខាភិបាលខេត្ត បានបង្ហាញថាបុរសម្ចាស់ PassApp ដែលដឹកជនជាតិជប៉ុនផ្ទុកជំងឺកូវីដ១៩ ត្រូវបានមន្ទីរសុខាភិបាលស្វែងរក ដើម្បីយកមកធ្វើតេ្តស ហើយជាលទ្ធផលឃើញថាអវិជ្ជមាន។ បច្ចុប្បន្នបុរសនេះ មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីទេ ហើយបច្ចុប្បន្នបុរសរូបនេះ ត្រូវបានដាក់ឱ្យនៅដោយឡែក និងតាមដានចំនួន ១៤ថ្ងៃ នៅក្នុងអគារជំងឺឆ្លងនៃ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។
សូមរំលឹកថា គិតត្រឹមថ្ងៃទី១០ មីនា មន្រ្តីជំនាញផ្នែកសុខាភិបាល បានធ្វើតេស្តរកមេរោគកូរ៉ូណាចំនួន ៤៨២ករណី។ ក្នុងនោះប្រទេសកម្ពុជា បានរកឃើញករណីជំងឺ COVID-19 សរុបចំនួន ៣ករណី៖
– ១ករណី ជនជាតិចិន ភេទប្រុស អាយុ៦០ឆ្នាំ ជាសះស្បើយ
– ១ករណី ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ កំពុងដាក់ព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប គាត់មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីទេ តែគាត់បន្តវិជ្ជមាន COVID-19
– ១ករណី ជនជាតិអង់គ្លេស ភេទស្រី អាយុ៦៥ឆ្នាំ កំពុងដាក់ព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកំពុងចាម គាត់មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីគួរឲ្យកត់សំគាលទេ ។ អ្នកប៉ះពាល់ទាំងអស់នឹងយកវត្ថុវិភាគ ដាក់ឲ្យនៅដោយឡែក និងតាមដានសុខភាពចំនួន ១៤ថ្ងៃ ។ នេះជាករណីនាំចូល ពីប្រទេសពីប្រទេសក្រៅ ។ ប្រទេសកម្ពុជាយើងមិនទាន់រកឃើញភស្តុតាង បញ្ជាក់ថា មានការឆ្លងនៅក្នុងសហគមន៍នៅឡើយទេ ៕