ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានលើកឡើងថា ការទូរស័ព្ទចូលលេខ ១១៥ មកមន្រ្តីទទួលបន្ទុក ១១៥ នេះ មាន៧០% បានការដើម្បីសួរពត៌មានអំពីជំងឺ COVID-19 ព្រមទាំងរាយការណ៍ស្ថានភាពសុខភាព និង ៣០% ភាគរយមិនបានការដោយក្នុងនោះមានទាំងអ្នកស្រវឹងនិងអ្នកប្រើសម្ដីអរុសោះរំខានដល់គ្រូពេទ្យជំនាញយ៉ាងខ្លាំងសូមសមត្ថកិច្ចចុះអប់រំប្រជាពលរដ្ឋឲ្យប្រើប្រាស់លេខនេះដើម្បីជាប្រយោជន៍។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានសរសេរលើគេហទំព័រហ្វេសប៊ុកក្នុងន័យដើមទាំងស្រុងថា
យេីងខ្ញុំសូមជំរាបជូនសាធារណ:ជនថា ការទូរស័ព្ទចូលលេខ ១១៥ មកមន្រ្តីទទួលបន្ទុក ១១៥ នេះ មាន៧០% បានការដេីម្បីសួរពត៌មានអំពីជំងឺ COVID-19 ព្រមទាំងរាយការណ៍ស្ថានភាពសុខភាព និង ៣០% ភាគរយមិនបានការ ។ ៣០% ដែលទូរស័ព្ទចូលមិនបានការរួមមាន :
១. ប្រើកុមារតូចៗឲ្យនិយាយជំនួស
២. ទូរស័ព្ទចូលមិននិយាយបើកចោល
៣. ទូរស័ព្ទចូលចាក់ចំរៀងឲ្យស្តាប់
៤. ប្រើសំដីអសុរស គ្រោកគ្រាត និងពាក្យប្រមាទ
៥. អ្នកស្រវឹងទូរស័ព្ទចូលនិយាយស្តាប់មិនយល់
៦. ។ ល។
យើងខ្ញុំសូមសំណូមពរដល់សាធារណ:ជនមេត្តាប្រើប្រាស់លេខ១១៥ នេះសំរាប់បំរើប្រជាពលរដ្ឋដែលអ្នកចង់សួរចង់ដឹងពីជំងឺ COVID-19 ព្រោះពេលបងប្អូនរំខាន នាំឲ្យអ្នកដទៃទៀតមិនអាចទូរស័ព្ទចូលបាន ដែលចង់ជួបគ្រូពេទ្យជំនាញយើងខ្ញុំ សូមបងប្អូនប្រើលេខ ១១៥ នេះឲ្យមានតំលៃបផុត។ យេីងខ្ញុំសូមសំណូមពរដល់អាជ្ញាធរដែនដីទាំងអស់មេត្តាអប់រំប្រជាពលរដ្ឋមូលដ្ឋាន និងករណីចាំបាច់គួរចាត់វិធានការទៅតាមផ្លូវច្បាប់ ។
យេីងខ្ញុំសង្ឃឹមថា បងប្អូននឹងធ្វើតាមសំណូមរពររបស់យើងខ្ញុំ ៕