នាយករដ្ឋមន្ត្រី៖ រៀងរាល់ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍ កំពុងសម្លាប់មនុស្ស ច្រើនជាងជំងឺឆ្លងទៅទៀត

0

ភ្នំពេញ៖ ទន្ទឹមនឹងការកោតរសើរប្រជាពលរដ្ឋ ដែលយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ចំពោះសុខភាពអនាម័យផ្ទាល់ខ្លូន ជាពិសេស​ក្នុងការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ ឲ្យយកចិត្តទុកដាក់ គោរពច្បាប់ចរាចរណ៍​អោយបានខ្ជាប់ខ្ជួនបំផុត ពីព្រោះគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្លាប់មនុស្សជារៀងរាល់ថ្ងៃ ច្រើនជាងជំងឺឆ្លងទៅទៀត ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១១ មីនានេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរសារថា «សុខសប្បាយជាទេ បងប្អូនជនរួមជាតិ? ខ្ញុំសូមកោតរសើរចំពោះ បងប្អូនជនរួមជាតិដែលយកចិត្តទុកដាក់ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុខភាពអនាម័យផ្ទាល់ខ្លូន ជាពិសេស​ក្នុងការទប់ស្កាត់ជំងឺឆ្លងកូវីឌ-១៩ និងជំងឺឆ្លងផ្សេងៗទៀត។ ប៉ុន្តែទន្ទឹមនឹងនេះ​ សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ គោរពច្បាប់ចរាចរណ៍​អោយបានខ្ជាប់ខ្ជួនបំផុតដែរ គឺត្រូវពាក់មួកសុវត្ថិភាព​ និងពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ពេលបើកបរគ្រប់ពេលជានិច្ច។ ព្រោះគ្រោះថ្នាក់ចរាចរណ៍កំពុងសម្លាប់មនុស្ស ជារៀងរាល់ថ្ងៃច្រើនជាង ជំងឺឆ្លងទៅទៀត» ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជូនពរបងប្អូនជនរួមជាតិ ឲ្យមានសុខភាល្អ​ និងមានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរជិតឆ្ងាយ នៅទូទាំងប្រទេសផងដែរ ៕