ភ្នំពេញ៖ ក្រោយពិនិត្យឃើញ មានមន្ត្រីខ្លះគ្មានមុខ ទៅចូលរួមបំពេញភារកិច្ច ដែលរាជរដ្ឋាភិបាលដាក់ទិសដៅ ក្នុងការអនុវត្តសំដៅកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានព្រមានចាត់វិធានការទៅលើ មន្ត្រីនគរបាលដែលអសកម្មការងារ មិនគោរពអនុវត្តតាមបទបញ្ជាថ្នាក់លើប្រគល់ឲ្យ លើការងារបំពេញភារកិច្ច ចុះត្រួតពិនិត្យអនុវត្ត រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងរាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំត្រួតពិនិត្យ ផែនការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក ស ថេត បានមានប្រសាសន៍ថា ក្រោយពីមានការចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅយប់ដំបូង គឺពិនិត្យឃើញថា កម្លាំងនគរបាលអនុវត្តច្បាប់ បំពេញភារកិច្ចនៅខ្វះចន្លោះមួយចំនួន អនុវត្តការងារ បច្ចេកទេសជំនាញមិនទាន់សមស្របនោះឡើយ។ កិច្ចការងារនេះ ត្រូវកែប្រែសម្រួលឡើងវិញ ចាត់បែងចែងកម្លាំងឱ្យមាន ការទទួលខុសត្រូវរៀងៗខ្លួន អនុវត្តការងារឱ្យមានប្រសិទ្ធភាពនិងតម្លាភាព និងការគោរពច្បាប់។
ឧត្តមសេនីយ៍ឯក ស ថេត ក៏ជម្រុញឲ្យមានការអនុវត្ត រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានតឹងរឹងបំផុត មិនត្រូវរាថយនោះឡើយ។ ពោលត្រូវធ្វើសកម្មភាពឲ្យបានហ្មត់ចត់ អនុវត្តស្មើភាពគ្នា គ្មានការអន្តរាគមន៍នោះឡើយ ចំពោះអ្នកបើកបរល្មើសច្បាប់ចរាចរណ៍។
គួរបញ្ជាក់ដែរថា ការចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងរាជធានីភ្នំពេញ អនុវត្តទៅលើអ្នកបើកបរ ក្រោមឥទ្ធិពលគ្រឿងស្រវឹង និងអ្នកបើកល្បឿនលឿននៅពេលយប់។ អត្រាគ្រោះថ្នាក់ចរាណ៍នៅពេលយប់បានកើនឡើងគួរឲ្យព្រួយបារម្ភ ផ្តើមចេញពីអ្នកបើកបរស្រវឹងស្រា ៕