ភ្នំពេញ៖ នៅយប់ថ្ងៃទី២ ក្នុងយុទ្ធនាការត្រួតពិនិត្យជាតិស្រវឹង ទូទាំងរាជធានីភ្នំពេញ សមត្ថកិច្ចបានឃាត់ឮម៉ូតូ ២៧០គ្រឿង និងរថយន្ត ១៤គ្រឿង យកមករក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការអប់រំណែនាំ និងផាកពិន័យ ។
ស្នងការនគរបាលរាជធានីភ្នំពេញ ក្រោយពីប្រកាសថា ចាប់ពីថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២០ តទៅ នឹងចាប់ផ្តើមចុះអនុវត្តរឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ពីម៉ោង ២៣៖០០នាទី ដល់ម៉ោង២:៣០នាទី រំលងអាធ្រាត្រ ជាលទ្ធលយប់ថ្ងៃទី២ ធ្វើការឃាត់រថយន្ត ដែលបើកបរក្នុងស្ថានភាពស្រវឹងចំនួន ១៤គ្រឿង និងម៉ូតូ ១៦គ្រឿង ។
យោងតាមការ បញ្ជាក់របស់លោកឧត្ដមសេនីយ៍ឯក ស ថេត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមបណ្តាញសង្គមហ្វេសប៊ុក បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះថា “លទ្ធផលត្រួតពិនិត្យ និងរឹតបន្តឹងច្បាប់ ចរាចរណ៍ផ្លូវគោក នៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ។ ១. អត់ពាក់ពួកសុវត្ថិភាព ២៦៦គ្រឿង, ២. អត់កញ្ចក់ ៤គ្រឿង, ៣. ស្រវឹង (រថយន្ត) ១៤គ្រឿង , ម៉ូតូ ១៥គ្រឿង” ។
លោកបានបញ្ជាក់ថា “សរុបឃាត់បានម៉ូតូ ២៧០គ្រឿង និងរថយន្ត ១៤គ្រឿង យកមករក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការអប់រំ ណែនាំ និងផាកពិន័យ” ៕


