បញ្ហា​កូ​វី​ដ​១​៩​ ​មិ​ន​អា​ច​ដោះស្រា​យ​ដោ​យ​ ​ប្រ​ទេស​តែ​មួ​យ​បា​ន​ទេ​ ​មិ​ន​ថាប្រ​ទេ​ស​នោះ​ធំ​ប៉ុ​ណ្ណា​ និ​ង​មា​ន​ធ​ន​ធាន​ច្រើ​ន​យ៉ា​ង​ណា​​

0

ភ្នំ​ពេ​ញ​៖​ ​លោ​ក​ ​ប្រាក់​ ​សុ​ខុ​ន​ ​ឧ​ប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរថា បញ្ហាការរីករាលដាលជាសកល នៃជំងឺកូវីដ១៩ និងបញ្ហាប្រឈមនានាជាច្រើន មិនអាចដោះស្រាយ ដោយប្រទេសតែមួយបានទេ មិនថាប្រទេសនោះធំប៉ុណ្ណា និងមានធនធានច្រើនយ៉ាងណានោះទេ ។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បែបនេះស្របពេលដែល ពិភពលោកកំពុងតែមានការព្រួយបារម្ភ ចំពោះការរីករាលដាលជាសកល នៃជំងឺកូវីដ១៩ និងក្នុងកាលៈទេសៈដែល កម្ពុជាកើតមានករណីឆ្លងកូវីដ១៩ នេះលើបុរសជនជាតិខ្មែរ ម្នាក់នៅខេត្តសៀមរាប ។

ក្នុងឱកាសអញ្ជើញអបអរសាទរទិវា ASEM DAY ស្តីពី ”កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅឆ្នាំ២០២០” នាព្រឹកថ្ងៃទី១០ មីនានេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា លោកពិតជាមានសេចក្តីសោមនស្សក្រៃលែង ដែលបានមកឃើញការជួបជុំដ៏ធំបែបនេះ ដើម្បីអបអរសាទរទិវា ASEM DAY នៅព្រឹកនេះ ក្នុងពេលដែល ពិភពលោកកំពុងរវល់ ទប់ស្កាត់ការរីករាលដាល នៃវីរុសកូរ៉ូណាដែលគេឲ្យឈ្មោះផ្លូវការថា កូវីដ-១៩ (COVID-19) ហើយមានព្រឹត្តិការណ៍ផ្លូវការ និងសន្និសីទជាច្រើនដែលបានគ្រោង រៀបចំទុកជាមុនអស់ជាច្រើនខែ នៅតាមតំបន់នានាទូទាំងពិភពលោក ត្រូវបានលុបចោល ឬពន្យារពេលដោយសារការភ័យខ្លាច ការរីករាលដាលនៃវីរុសនេះ។

លោកឧបនាយករដ្ឋមន្ត្រី បន្តថា មកដល់ពេលនេះប្រទេសយើង ជួបប្រទះករណីតិចតួចបំផុត ប៉ុន្តែរាជរដ្ឋាភិបាលកំពុង ចាត់វិធានការយ៉ាងប្រុងប្រយ័ត្នទុកជាមុន ដើម្បីប្រយុទ្ធប្រឆាំងនឹង បញ្ហានេះហើយយើងកំពុងតែ សហការជាមួយអង្គការសុខភាព លំដាប់ពិភពលោកនានាផងដែរ។ ការចូលរួមដ៏ច្រើនកុះកររបស់ អ្នកទំាងអស់គ្នានៅថ្ងៃនេះ គឺជាការបង្ហាញនូវទំនុកចិត្ត របស់អ្នកទាំងអស់គ្នា មកលើកិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាបង្ហាញនូវការចូលរួមចំណែក ដល់ការរក្សាភាពប្រក្រតីនៅក្នុង ប្រទេស។ យ៉ាងណាក៏ដោយជីវិត ត្រូវតែបន្តទៅមុខទៀត» ។

ប្រមុខការទូតកម្ពុជាបញ្ជាក់ថា «ហេតុអ្វីក៏វិបត្តិ COVID-19 ជាសកលនេះ មានភាពពាក់ព័ន្ធ និងមានអត្ថន័យជ្រាលជ្រៅ ចំពោះការរៀបចំទិវា ASEM DAY នៅកម្ពុជានាថ្ងៃនេះ? ហេតុអ្វីបានជាកិច្ចប្រជុំ ASEM មានសារៈសំខាន់ខ្លាំងមិនមែន គ្រាន់តែសម្រាប់កម្ពុជា ប៉ុន្តែគឺសម្រាប់ទ្វីបអាស៊ី-អឺរ៉ុប រួមទាំងពិភពលោកទាំងមូលផងដែរ ។ ដូចជាបញ្ហាវីរុសនេះ បញ្ហាឆ្លងប្រទេស និងបញ្ហាប្រឈមនានាជាច្រើន មិនអាចដោះស្រាយបាន ដោយប្រទេសតែមួយនោះទេ មិនថាប្រទេសនោះធំប៉ុណ្ណា និងមានធនធានច្រើនយ៉ាងណានោះទេ ។ ជាក់ស្ដែងដូចជាករណីប្រទេសចិន ក្នុងការព្យាយាមទប់ស្កាត់ ការរីករាលដាលនៃវីរុសកូរ៉ូណា និងការសុំជំនួយនិងកិច្ចសហការ ពីបណ្តាប្រទេសជុំវិញពិភពលោក ហើយប្រទេសជាច្រើន បានផ្តល់កិច្ចសហប្រតិបត្តិការទប់ស្កាត់វីរុស គឺពិតជារឿងគួរឱ្យស្ងើចសរសើរខ្លាំងណាស់» ៕