Home សង្គម ក្រសួងពាណិជ្ជកម្ម នឹងចាត់វិធានការផ្លូវច្បាប់ ចំពោះជនខិលខូចឆ្លៀតឱកាសលក់ទំនិញឡើងថ្លៃ

ក្រសួងពាណិជ្ជកម្ម នឹងចាត់វិធានការផ្លូវច្បាប់ ចំពោះជនខិលខូចឆ្លៀតឱកាសលក់ទំនិញឡើងថ្លៃ

0

ភ្នំពេញ៖ ក្នុងពេលដែលពិភពលោកកំពុងព្រួយបារម្ភចំពោះការីករាលដាលជាសកលនៃវីរុសកូរ៉ូណ និងស្របពេលដែលមានករណីឆ្លងកូវីដ១៩លើបុរសជនជាតិខ្មែរ នៅខេត្តសៀមរាបនោះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីអំពាវនាវ ដល់បងប្អូនអាជីវករទាំងអស់ ត្រូវតារក្សាថ្លៃទំនិញលើទីផ្សារនៅដដែល និងកុំដំឡើងថ្លៃទំនិញ។

តាមរយៈសេចក្ដីអំពាវនាវនៅថ្ងៃទី៩មីនានេះក្រសួងពាណិជ្ជកម្មក៏នឹងចាត់មន្ត្រីជំនាញសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធចុះស្រាវជ្រាវ ត្រួតពិនិត្យគុណភាពសុវត្ថិភាពទំនិញ ព្រមទាំងដាក់ចេញនូវវិធានការផ្លូវច្បាប់ ក្នុងករណីរកឃើញជនខិលខូចដែលឆ្លៀតឱកាសលក់ទំនិញឡើងថ្លៃ កេងចំណេញជ្រុលហួសហេតុ ។

ក្នុងស្ថានភាពនេះក្រសួងពាណិជ្ជកម្ម សូមជម្រាប និងអំពាវនាវនូវចំណុចសំខាន់ៗដូចខាងក្រោម៖

១.សូមប្រជាពលរដ្ឋមេត្តាជ្រាបថា បរិមាណសន្និធិអង្ករ និងស្រូវមិនទាន់កិនដែលមាន ក្នុងប្រទេសអាចធានា ដល់ការប្រើប្រាស់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសទៀតផង (សេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនហ្គ្រីនត្រេដ នៃក្រសួងពាណិជ្ជកម្ម)។

២.សូមប្រជាពលរដ្ឋមេត្តារក្សានូវភាពហ្នឹងនរ កុំជ្រួលច្របល់ហួសហេតុ នាំឲ្យជនឱកាសនិយមអាចឆ្លៀតយកចំណេញ តាមរយៈការលក់ដំឡើងថ្លៃទំនិញ ដោយមិនសមហេតុផល។

៣.សូមម្ចាស់ហាងទំនិញទូទៅ ប្រកាន់នូវស្មារតីសាមគ្គីជាតិខ្មែរ កុំឆ្លៀតឱកាសតម្លៃថ្លៃទំនិញ សេ្រចតែអំពើលចិត្ត។ ក្នុងករណីរកឃើញមានភាពមិនប្រក្រតី អជ្ញាធរមានសមត្ថកិច្ច នឹងចាត់វិធានការតាមផ្លូវច្បាប់៕

Previous articleមេសហជីព អរគុណរាជរដ្ឋាភិបាល ស្នើឲ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពន្យារការសង និងលើកលែងការប្រាក់ចំពោះកម្មករ
Next articleផ្លូវបុប្ផាលាក់ខ្លួន ជាឈ្មោះថ្មី ជំនួសផ្លូវអន្ទង់អាំង