មេសហជីព អរគុណរាជរដ្ឋាភិបាល ស្នើឲ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពន្យារការសង និងលើកលែងការប្រាក់ចំពោះកម្មករ

0

ភ្នំពេញ៖ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះការសំណូមពរឲ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ជួយបង្កលក្ខណៈងាយស្រួលដល់ បងប្អូនកម្មករ នៅក្នុងកាលៈទេសៈដែលពួកគាត់ ត្រូវព្យួរការងារដោយសារតែរោងចក្រខ្វះវត្ថុធាតុដើម ដែលបណ្ដាលមកពីការផ្ទុះរីករាលដាលនៃវីរុស COVID-19។

ការថ្លែងអំណរគុណរបស់លោក ប៉ាវ ស៊ីណា ធ្វេីឡេីងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យបណ្តាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាទាំងអស់ លើកលែងការប្រាក់ដល់កម្មករ-កម្មការិនីដែលខ្ចីបុល ដើម្បីកាត់បន្ថយការលំបាក របស់ពួកគេក្នុងពេលត្រូវព្យួរការងារ។

លោក ប៉ាវ ស៊ីណា ក៏បានថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលយល់ពីសុខទុក្ខបងប្អូនកម្មករនិយោជិត នៅក្នុងកាលៈទេសៈដែលពួកគាត់ត្រូវព្យួរការងារ ដោយសារតែរោងចក្រខ្វះវត្ថុធាតុដើម ដែលបណ្ដាលមកពីការផ្ទុះរីករាលដាលជាសកលនៃវីរុស COVID-19។

លោក ប៉ាវ ស៊ីណា បញ្ជាក់ថា “ក្នុងនាមខ្ញុំ តំណាងឲ្យកម្មករនិយោជិតម្នាក់ ខ្ញុំសូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានឆ្លើយតបនូវសំណូមពរពីរចំណុចបន្ថែមលើវិធានការរបស់ក្រសួងការងារ។ ទន្ទឹមនឹងនេះ ខ្ញុំក៏ស្នើឲ្យក្រសួងការងារ តាមដានដោយយកចិត្តទុកដាក់ ឲ្យនិយោជកអនុវត្តឲ្យបានពេញលេញនូវសេចក្តីអំពាវនាវរបស់ខ្លួន និងសំណូមពរឲ្យភាគីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ជួយបងបង្កលក្ខណៈងាយស្រួលដល់បងប្អូនកម្មករផង”។

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ និងបើកករដ្ឋានសាងសង់ផ្លូវជាតិលេខ១០ នៅព្រឹកថ្ងៃទី៩ មីនានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យលោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ជា ចាន់តូ ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា ធ្វើការប្រជុំពិភាក្សាគ្នាជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាជូនដល់កម្មករ កម្មការិនីខ្មែរ។ ក្រៅពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្តេចនាយករដ្ឋមន្រ្តី ក៏បានប្រាប់ឱ្យបុរី និងផ្ទះល្វែងនានាធ្វើការពន្យារការសងប្រាក់ដល់កម្មករ-កម្មការិនី នៅក្នុងពេលពួកគេកំពុងត្រូវបានព្យួរការងារ ដោយសារតែខ្វះវត្ថុធាតុដើម៕