ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសនឹងអញ្ជើញទៅមើលអ្នកឆ្លងជំងឺកូវីដ-១៩ ដោយផ្ទាល់នៅខេត្ដសៀមរាប ខណៈដែលសាលាជាង១១០នៅ ក្នុងទីក្រុងសៀមរាប បានបិទផ្អាកដំណើរជាបណ្តោះអាសន្ន ដើម្បីចៀសវាងឆ្លងជំងឺកូវីដ-១៩ ពិសេសចំពោះកុមារតូចៗ។
ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ លេខ១០ នាព្រឹកថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២០ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រហូតមកដល់ពេល នេះសាលារៀនប្រមាណជាង ១១០ នៅទីក្រុង សៀមរាប បានបិទជាបណ្តោះអាសន្ន ដោយសារការខ្លាចឆ្លងជំងឺកូវីដ-១៩។ ទន្ទឹមនេះដោយសារតែមានប្រជាពលរដ្ឋម្នាក់ អាយុ៣៨ឆ្នាំ បានឆ្លងជំងឺកូវីដ-១៩ ហើយត្រូវបាននិងកំពុងព្យាបាល យ៉ាងយកចិត្តទុកដាក់ពីគ្រូពេទ្យ។ សម្តេចតេជោបានថ្លែងបន្ដថា រាជរដ្ឋាភិបាលបានរៀបចំសេនារិយោ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ដែលរហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋខ្មែរម្នាក់ អាយុ៣៨ឆ្នាំបានឆ្លងជំងឺកូវីដ-១៩ នេះហើយ។ សម្ដេចតេជោបានលើកឡើងថា បញ្ហានេះត្រូវបានប្រកាសជាសាធារណៈ និងតម្លាភាពដែលសម្តេចប្រញាប់ ប្រកាសជាសាធារណៈ ឱ្យបិទជាបណ្តោះអាសន្នសាលារៀននៅក្នុងទីរួមខេត្តសៀបរាម។
សម្តេចតេជោបានបញ្ជាក់ថា “រហូតមកដល់ពេលនេះសាលារៀនជាង១១០ សាលាត្រូវបានបិទ ទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈខាងក្រសួងការងារ និងកម្មវិធីអង្គរសន្ត្រាន្ដ ដែល ត្រូវនឹងរៀបចំក៏ត្រូវបានឱ្យផ្អាក”។
សម្តេចតេជោ ក៏បានលើកឡើងពីបញ្ហាដែលសម្រេចបិទ ទ្វារសាលាថា គឺដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវី-១៩នេះ ទៅដល់កុមារតូចៗដែលមិនចេះពីវិធីបង្ការ និងការពារ។
សម្តេចតេជោបានអះអាងអាងថា “ខ្ញុំសម្រេចឱ្យបិទសាលាដោយសារបញ្ហាត្រូវយកចិត្តទុកដាក់បំផុត គឺកុមារា កុមារី ពីជំងឺនេះ ហើយយើងក៏មិនទាន់ប្រមូលមកអស់អ្នក ដែលពាក់ព័ន្ធ នឹងជនជាតិជប៉ុន និងអ្នកពាក់ព័ន្ធ ជាមួយនឹងយុវជនអាយុ៣៨ឆ្នាំនេះ។ យើងត្រូវតែស្វែងរកអ្នកផ្សេងទៀត ដើម្បីយកសំណាកមកវិភាគ”៕