កម្ពុជា ត្រៀមកម្លាំងជាង ១ម៉ឺននាក់ ដើម្បីការពារសណ្ដា់ធ្នាប់ និងសុវត្ថិភាពក្នុងកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣

0

ភ្នំពេញ៖ ស្របពេលដែលនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ កម្ពុជាបានត្រៀមកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទចំនួន ១២.៧២៦នាក់ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាព ។

តាមរយៈរបាយការណ៍ ដែលបង្ហាញក្នុងកិច្ចប្រជុំ ផែនការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងឱកាសកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០នេះបានឲ្យដឹងថា សកម្មភាពមួយចំនួន ដែលអាចបង្កអសន្ដិសុខ ឬបង្កឲ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់កិច្ចដំណើរការរៀបចំកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០ នាពេលខាងមុខ រួមមាន៖ ការយកភូមិសាស្ដ្រចំណុចខ្ពស់ៗនៅគៀក ជុំវិញព្រលានយន្ដហោះ និងតាមដងផ្លូវ,ធ្វើសកម្មភាពប្រមូលផ្ដុំមនុស្ស ដើម្បីបង្កឲ្យមានផលប៉ះពាល់ដល់បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ ,ការលួចបង្កប់ជាតិផ្ទុះនៅតាមគោលដៅប្រារព្ធពិធី ជាដើម។

សូមរំលឹកថា រាជរដ្ឋាភិបាល ប្រកាសជាផ្លូវការធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ដោយសម្រេចយកអគារពិពណ៌អន្ដរជាតិថ្មីរបស់ក្រុមហ៊ុន OCIC នៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ធ្វើជាទីកន្លែងរៀបចំកិច្ចប្រជុំ និងកំណត់យកថ្ងៃទី១៦-១៧ វិច្ឆិកា ខាងមុខ ជាកាលបរិច្ឆទនៃកិច្ចប្រជុំ។កិច្ចប្រជុំ អាស៊ី-អឺរ៉ុប គឺជាកិច្ចពិភាក្សានៃដំណើរការផ្លូវការមួយ និងកិច្ចសហប្រតិបត្តិការរវាងសមាជិកសហភាពអឺរ៉ុប ទាំង៣០ប្រទេស និងអាស៊ីចំនួន២១ប្រទេស ព្រមទាំងលេខាធិការអាស៊ានផងដែរ ៕