ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរំលឹក និងអំពាវនាវដល់ម្ចាស់ នាយកសហគ្រាស គ្រឹះស្ថាន កម្មករ និយោជិត និងអង្គការវិជ្ជាជីវៈគ្រប់ជាន់ថ្នាក់ ក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ដែលរងផលប៉ះពាល់ពី កង្វះវត្ថុធាតុដើម ដោយសារជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ កូវីដ១៩ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមការអំពាវនាវ ៤ចំណុច ។
តាមរយៈសេចក្តីប្រកាសនៅថ្ងៃទី៦ ខែមីនា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដូចខាងក្រោម៖
១.អនុវត្តឱ្យបានត្រឹមត្រូវតាម បទប្បញ្ញត្តិច្បាប់ស្តីពី ការងារពាក់ព័ន្ធនឹងនីតិវិធី នៃការព្យួរកិច្ចសន្យាការងារ
២.អនុវត្តឱ្យបានត្រឹមត្រូវតាមវិធានការ និងអនុសាសន៍របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី លើការគ្រប់គ្រងផលប៉ះពាល់ ពីជំងឺរលាកផ្លូវដង្ហើមកូវីដ១៩
៣.អនុវត្តតាមសេចក្តីណែនាំ ០១៤/២០ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្ដីពីការព្យួរកិច្ចសន្យាការងារ, ការចុះឈ្មោះចូលរៀនជំនាញទន់ និងការផ្អាកបង់ភាគទាន ប.ស.ស សម្រាប់វិស័យវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ដែលរងផលប៉ះពាល់ពីកង្វះខាត វត្ថុធាតុដើមដោយសារ ជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ កូវីដ១៩
៤.មិនត្រូវឆ្លៀតយកឱកាសនេះ ទាមទារ ឬប្រែក្លាយការព្យួរកិច្ចសន្យាការងារ ទៅជាការបញ្ឈប់កិច្ចសន្យាការងារ ឬធ្វើការផ្លាស់ប្ដូរប្រភេទកិច្ចសន្យាការងារ ឬធ្វើការបញ្ចប់កិច្ចសន្យាការងារ រើសអើងថ្នាក់ដឹកនាំសហជីពឡើយ។ ទង្វើនេះគឺខុសច្បាប់ហើយបុគ្គលទាំងឡាយ ដែលទាមទារ ឬញុះញង់ឲ្យធ្វើទង្វើនេះត្រូវ ទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា គ្រប់ម្ចាស់នាយកសហគ្រាស គ្រឹះស្ថានកម្មករនិយោជិត និងអង្គការវិជ្ជាជីវៈគ្រប់ជាន់ថ្នាក់ ក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបដែលរងផលប៉ះពាល់ ពីកង្វះខាតវត្ថុធាតុដើមដោយ ជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរកូវីដ១៩ នឹងចូលរួមអនុវត្តច្បាប់ស្ដីពី ការនានាប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕