CMAC និងអង្គការ NPA ចុះ MoU លើគម្រោង​បោសសម្អាត ​គ្រាប់បែក​ចង្គោម ដែលមានថវិកាគាំទ្រគម្រោងជាង ១លានដុល្លារ

0

ភ្នំពេញ៖ អង្គការ​ NPA និង​អង្គភាពស៊ីម៉ាក់​ នៅថ្ងៃទី​៥​ ខែ​មីនា​ ឆ្នាំ២០២០​នេះ បានចុះហត្ថលេខា លើ​កិច្ចសហប្រតិបត្តិ​ជាដៃគូ លើគម្រោង​ស្រាវជ្រាវ​ព័ត៌មាន​ និងបោសសម្អាត​សំណល់ គ្រាប់បែក​ចង្គោម​ ដែលគាំទ្រ​ថវិកា​ដោយ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ និងមាន​ថវិកា​គាំទ្រ​គម្រោង​ចំនួន​ ១.៦០០.០០០ដុល្លារ​ ។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុក លោក ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់​ បានឲ្យដឹងថា គម្រោងនេះ​មាន​រយៈពេល​ ១២​ខែ​ (ចាប់ពីថ្ងៃទី១​ ខែមីនា​ ២០២០​ ដល់​ទី២៨​ ខែកុម្ភៈ​ ឆ្នាំ២០២១) ​គាំទ្រ​ថវិកា​ដោយ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ និងមាន​ថវិកា​គាំទ្រ​គម្រោង​ចំនួន ១.៦០០.០០០ដុល្លារ ។ គម្រោងនេះ​នឹងអនុវត្ត​ នៅតាម​បណ្តាខេត្តមួយចំនួន​ដូចជា​ ខេត្ត​កំពង់ចាម​ ត្បូងឃ្មុំ​ ស្វាយរៀង​ ​ក្រចេះ​ ស្ទឹងត្រែង​ តាកែវ​ និងខេត្តព្រៃវែងជាដើម​ ហើយរំដោះផ្ទៃដីបានចំនួន ១៩.០១៦.៩៣២ម៉ែត្រ​ក្រឡា​ ស្រាវជ្រាវផ្ទៃដីចំនួនប្រមាណ ៣០គីឡូម៉ែត្រក្រឡា​ និងត្រូវប្រើប្រាស់កម្លាំងប្រតិបត្តិការប្រមាណ ២៣០នាក់ ។

សូមរំលឹកជូនថា​ ១២ខែកន្លងមក​ (ចាប់ពីថ្ងៃទី១​ ខែមីនា​ ឆ្នាំ២០១៩​ ដល់​ថ្ងៃទី២៩​ ខែកុម្ភៈ​ ២០២០) គំរោងនេះសំរេចបានលទ្ធផល បានល្អដោយការរំដោះផ្ទៃដីបាន ១០២% នៃផែនការ​ ការងារស្រាវជ្រាវពត៌មានសំរេចបាន ១៥១% នៃផែនការ​។ ពោលគឺរំដោះផ្ទៃដីបានចំនួនជាង ២.៧៣៣ហិកតា​ ដោយរុករកឃើញគ្រាប់បែកទម្លាក់ ពីយន្តហោះប្រភេទ MK ចំនួន ៤៥គ្រាប់​ គ្រាប់បែកចង្កោម​៥.៩៩៨គ្រាប់​ គ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទ​ (UXO) ចំនួន​ ១១.៩៨៨គ្រាប់។ ការងារស្រាវជ្រាវពត៌មានបាន ៧៦១ភូមិ​ រកឃើញ ១.១០៣ទីតាំង ដែលបញ្ហារងការគំរាមកំហែង ដោយសារគ្រាប់និងគ្រាបមីន​ ដែលគិតជាផ្ទៃដីប្រមាណ ១៩.១០០ហិចតា។ សមិទ្ធិផលនេះបានចេញពី កិច្ចសហការយ៉ាងល្អជាមួយអង្គការ NPA និងការគាំទ្រផ្តល់ជំនួយ របស់ប្រជាជន និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដូចគ្នានឹងឆ្នាំ២០២០នេះផងដែរ ៕