ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការណែនាំមួយចំនួនដល់ ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើឲ្យគុណភាពសេវាសុខភាពសាធារណៈកាន់តែល្អប្រសើរ ស្របតាមតម្រូវការ សេវាសុខភាព ប្រជាពលរដ្ឋ។
ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានផ្តល់នូវការណែនាំមួយចំនួន ដល់ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ដូចជា៖
ទី១-ក្រសួងសុខាភិបាល ត្រូវអនុវត្តឲ្យបានគ្រប់ជ្រុងជ្រោយ អំពីគោលនយោបាយសុខាភិបាលសំខាន់ៗ។
ទី២-ចំពោះការផ្ទេរមុខងារគ្រប់គ្រងធនធាន និងផ្តល់សេវា សុខាភិបាលពីក្រសួងសុខាភិបាល ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ចាប់ពីដើមឆ្នាំ ២០២០ គឺជាការកែទម្រង់ប្រកបដោយតម្លាភាពក្នុង វិស័យសុខាភិបាលដែលឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
ទី៣-រដ្ឋបាលរាជធានី-ខេត្ត ទាំងអស់ត្រូវសហការជាមួយ ក្រសួង-ស្ថាប័ន និងភាគីញក់ព័ន្ធ ដើម្បីរៀបចំកែសម្រួលឡើងវិញ នូវរចនាសម្ព័ន្ធស្ថាប័នតួនាទី និងមុខងារនៃអង្គភាពសុខាភិបាល នៅថ្នាក់ក្រោមជាតិ ហើយត្រូវរក្សាកិច្ចដំណើរការងារអង្គភាព សុខាភិបាលរាជធានី-ខេត្តដូចធម្មតា។
ទី៤-ក្រសួងសុខាភិបាល ត្រូវពិនិត្យកែសម្រួល និងកំណត់តួនាទី និងមុខងាររបស់ក្រសួង និងអង្គភាពសុខាភិបាលក្រោមឱវាទនៅថ្នាក់ជាតិ ដើម្បីអនុវត្តប្រកបដោយតម្លាភាព និងមានគណនេយ្យភាព រវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់។
និងទី៥-រដ្ឋបាល រាជធានី-ខេត្ត ត្រូវខិតខំផ្សព្វផ្សាយ កៀរគរការគាំទ្រថវិកាសម្ភារ និងបច្ចេកទេសពីស្ថាប័ន និងភាគីញក់ព័ន្ធនានា ដោយប្រើប្រាស់ធនធាន ឆន្ទានុសិទ្ធិរបស់រដ្ឋបាល រាជធានី-ខេត្ត ដើម្បីផ្តល់សេវាសុខាភិបាលជូនប្រជាជនតាមមូលដ្ឋាន ក្នុងដែន សមត្ថកិច្ចរៀងៗខ្លួនឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕