សូម​អ្នក​សិល្បៈ​បញ្ឈប់​ជា​បន្ទាន់​ នូវ​កា​រ​រំ​លោភ​យក​ស្នា​ដៃ​ចម្រៀង និង​ការ​តែង​និពន្ធ​ ដោយ​​គ្មាន​ការ​អនុញ្ញាត​ពី​ម្ចាស់​កម្ម​សិទ្ធិ

0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអំពាវនាវដល់សិល្បករ សិល្បការិនី និងអ្នកនិពន្ធស្នាដៃនានា ត្រូវបញ្ឈប់ជាបន្ទាន់ ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ យកស្នាដៃចម្រៀង និងការតែងនិពន្ធផ្សេងៗ មកផលិតឡើងវិញ ដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ ឬពីក្រសួងវប្បធម៌។

ក្នុងឱកាទិវាវប្បធម៌ជាតិ៣មីនា លើកទី២២ ដែលប្រារព្ធធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌» កាលពីល្ងាចថ្ងៃទី៣មីនា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា «ខ្ញុំសូមអំពាវនាវដល់ជនរួមជាតិទាំងអស់ ជាពិសេសបងប្អូនកូនក្មួយសិល្បករ-សិល្បការិនី និងអ្នកនិពន្ធស្នាដៃនានា ត្រូវបញ្ឈប់ ជាបន្ទាន់នូវគ្រប់ទម្រង់នៃការរំលោភបំពានយ៉ាង ធ្ងន់ធ្ងរលើច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល តាមរយៈការយកស្នាដៃចម្រៀង ស្នាដៃភាពយន្ត ស្នាដៃរូបភាព ស្នាដៃអក្សរសាស្ត្រ ស្នាដៃអក្សរសិល្បិ៍ និងស្នាដៃវប្បធម៌ដទៃៗទៀត ទាំងស្នាដៃ ដែលមានមរតកសាសន៍ និងគ្មានមរតកសាសន៍មក ផលិតឡើងវិញ ដោយពុំបានសុំការអនុញ្ញាតពី ម្ចាស់សិទ្ធិឬពីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងឤជ្ញាធរដែនដី គ្រប់ជាន់ថ្នាក់ត្រូវបន្តយក ចិត្តទុកដាក់ថែរក្សាការពារ និងបង្ក្រាបរាល់ បទល្មើសឱ្យបានទាន់ ពេលវេលា និងប្រកបដោយប្រសិទ្ធភាពនៅតាម ទីតាំងតំបន់ប្រាសាទ រមណីយដ្ឋាន ប្រវត្តិសា្រស្ត វត្តឤរាម សំណង់ប្រវត្តិសាស្ត្រ និងសំណង់ ដែលមានឤយុកាលរាប់ រយឆ្នាំនៅតាម មូលដ្ឋាននៅទូទាំងប្រទេស៕