ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២០ នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទៅបំពេញទស្សនកិច្ចការងារចាប់ពីថ្ងៃទី០៤ ដល់ ០៦ ខែមីនា ឆ្នាំ ២០២០ នៅរដ្ឋធានីវៀងច័ន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថាក្នុងដំណើរទស្សនកិច្ចនេះដែរ សម្តេចក្រឡាហោមស ខេង នឹងអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំ វាយតម្លៃលទ្ធផល នៃការអនុវត្តកំណត់ហេតុ កិច្ចសហប្រតិបត្តិការឆ្នាំ២០១៩ និងចុះហត្ថលេខា លើកំណត់ហេតុ នៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២០ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ក្នុងដំណើរទស្សនកិច្ចនេះដែរ សម្តេចក្រឡាហោម ស ខេង ក៏នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ថងលុន ស៊ីសូលីត នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ផងដែរ៕