លោក ស ថាវី អតីត​អភិបាល​ខេត្ត​ឧត្តរមានជ័យ និង​បក្ខ​ពួក​៨​នាក់​ផ្សេង​ទៀត ជាប់​ចោទ​ពីបទ​លួច​ដីលក់

0

ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០នេះ បានចេញដីការបង្គាប់ឲ្យឃុំខ្លួន មនុស្ស៣នាក់រួមមាន ទី១៖ ឡុង ដារ៉ា អាយុ៣៥ឆ្នាំ, ទី២៖ ឡូញ រស់ ភេទប្រុស អាយុ៤០ឆ្នាំ និងទី៣៖ ប៉ូច ថេន ភេទប្រុស អាយុ៥២ឆ្នាំ ក្រមបទចោទប្រកាន់ លួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន តាមបញ្ញត្តិមាត្រា២៥៥ នៃច្បាប់ភូមិបាលខណៈលោក ស ថាវី អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងបក្ខពួកមួយចំនួន ត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់។

ការសម្រេចឃុំខ្លួនក្រុមជនត្រូវចោទ គឺធ្វើឡើងបន្ទាប់ពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០នេះ បានសម្រេចចោទប្រកាន់ លោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងបក្ខពួកមួយចំនួនទៀត ពាក់ព័ន្ធនឹងការលួចលក់ដីមិនមែនជារបស់ខ្លួន នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ពាក់ក្រុមជនត្រូវចោទនេះដែរ លោក ស ថាវី អតីតអភិបាលខេត្តឧត្តរមានជ័យ ដែលបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «ផ្តើមគំនិតក្នុងអំពើលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន»។
យោងតាមកំណត់ហេតុរបស់សមត្ថកិច្ចបញ្ជាក់ថា កាលពីឆ្នាំ២០១៨ ឈ្មោះ ឡុង ដារ៉ា បានលក់ដីទំហំ ២២៩០០ម៉ែត្រការ៉េ ទៅឱ្យឈ្មោះ ប៉ូច ថេន ក្នុងតម្លៃទឹកប្រាក់ (១៥ម៉ឺនដុល្លារអាមេរិក) ហើយបានចែកលុយនោះឲ្យទៅមេធាវីចំនួន ៧ម៉ឺនដុល្លារ ចែកទៅឲ្យលោក យិន អ៉ឺម ចៅសង្កាត់សំរោង ៤ម៉ឺនដុល្លារ ជាថ្លៃធ្វើឯកសារលក់ដីខាងលើ និងចែកមនុស្សមួយចំនួនទៀត។ ឈ្មោះ ឡុង ដារ៉ា បានសារភាពថា នៅសល់ប្រាក់៣០០០០ដុល្លារអាមេរិកប៉ុណ្ណោះ។ ជនសង្ស័យ ឡុង ដារ៉ា បានបញ្ជាក់ប្រាប់សមត្ថកិច្ចទៀតថា ដីនេះឈ្មោះ ប៉ូច ថេន ជាអ្នកឈរឈ្មោះទិញទៅឱ្យឈ្មោះ ស ថាវី។
ឈ្មោះ ឡុង ដារ៉ា បានសារភាពប្រាប់សមត្ថកិច្ចថា ចំពោះដីស្រែដែលខ្លួនបានលក់នោះដែរ គឺជាដីស្រែរបស់ លោក ភឺន ផល្លា ដោយមាន លោក ស ថាវី ជាអ្នកបញ្ជាឲ្យខ្លួនជាអ្នកលក់ទៅឲ្យឈ្នោះ ប៉ូច ថេន ហើយរាល់ឯកសារទាំងអស់ពាក់ព័ន្ធនឹងការទិញលក់ដីនេះ គឺឈ្មោះ អ៊ុ ភក្តី ជាអ្នករៀបចំឡើង៕