ទោះ​ក្នុង​ជួរ​អ្នក​ដឹក​នាំ ស្ត្រី​មាន​អត្រា​ទាប ប៉ុន្តែ​ការ​រក្សា​សន្តិ​ភាព និង​អភិវឌ្ឍ​ប្រទេស​ជាតិ គឺមិន​អាច​ខ្វះ​ការរួម​ចំណែក​ពី​ស្ត្រី​

0

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ បានថ្លែងថា ស្ដ្រីគឺជាចលករយ៉ាងសំខាន់ ដែលមិនអាចខ្វះបាន ក្នុងការចូលរួមចំណែក ថែរក្សាសុខសន្តិភាព និងជំរុញល្បឿននៃការអភិវឌ្ឍប្រទេសជាតិ ដូចពាក្យចាស់លោកពោលថា សំណាបយោងដី ស្រីយោងប្រុស ។

លោកឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានមានប្រសាសន៍ ក្នុងពិធីអបអរសាទរខួបលើកទី១០៩ នៃទិវាអន្ដរជាតិនារី ៨ មីនា ឆ្នាំ២០២០ នៅថ្ងៃទី៣ មីនានេះថា ជាការពិតណាស់ បុព្វបុរសខ្មែតាំងពីរសម័យអាណាចក្រនគរ បានឲ្យតម្លៃទីលើស្ដ្រីខ្មែរជាអ្នកផ្តល់ពន្លឺសុភមង្គលសម្រាប់គ្រួសារ ដូចពាក្យចាស់លោកពោលថា «សំណាបយោងដី ស្រីយោងប្រុស» ។

លោកបន្ដថា បច្ចុប្បន្នកាលើកកម្ពស់ សមភាពយេនឌ័រ គឺជាអាទិភាពមួយនៃ គោលនយោបាយអភិវឌ្ឍន៍ជាតិកម្ពុជា ប៉ុន្ដែកិច្ចការនេះ មិនអាចសម្រេចលទ្ធផលល្អបានឡើយ នៅក្នុងបរិបទដែលប្រទេសមាន សង្គ្រាម អសន្ដិសុខ និងអស្ថិភាពនយោបាយ ។ ពិតណាស់ វឌ្ឍនភាពសេដ្ឋកិច្ចដ៏ឆាប់រហ័ស ក្រោយពីកម្ពុជាទទួលបាន សន្តិភាពពេញលេញ បានផ្ដល់ឱកាសការងារ ដល់ស្ត្រីខ្មែរស្ទើគ្រប់រូប ដែលជួយឲ្យពួកគាត់កាន់តែ មានទំនុកចិត្តលើខ្លួនឯង មានសមត្ថភាពទ្រទ្រង់ជីវភាពគ្រួសារ ហើយថែមទាំងមានលទ្ធភាព កាន់តែច្រើនចូលរួមក្នុងការ សម្រេចចិត្តទាំងក្នុងរង្វង់គ្រួសារ និងក្នុងសង្គម ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកស្ត្រីជាឆ្អឹងខ្នង នៃប្រទេសជាតិ ស្ត្រីបានចូលរួមចំណែកយ៉ាងសកម្ម និងយ៉ាងសំខាន់ក្នុងការថែរក្សាសុខសន្តិភាព និងជំរុញល្បឿននៃការអភិវឌ្ឍប្រទេស ក្នុងចំណោមស្ត្រីពេញវ័យនៅកម្ពុជាមានចំនួន ៧៩% បានចូលរួមក្នុងកម្លាំងពលកម្ម បម្រើការងារតាមស្ថាប័នរដ្ឋ និងគ្រឹះស្ថានឯកជន ដែលជាអត្រាខ្ពស់ជាងគេនៅក្នុងតំបន់។ ចាប់តាំងពីឆ្នាំ២០០៦ មកទល់ពេលនេះ កម្ពុជាបានបញ្ជូនកម្លាំងចូលរួម បេសកកម្មថែរក្សាសន្ដិភាព អ.ស.ប សរុប ៦៥៥៦នាក់ ក្នុងនោះមានស្ដ្រី ៣៣៨នាក់។ ជាមោទនភាពសម្រាប់យើងក្នុងតំបន់អាស៊ាន កម្ពុជាឈរលេខរៀងទី៣ នៃប្រទេសដែលបានបញ្ជូនកម្លាំងមួកខៀវ ចូលរួមក្នុងបេសកកម្មថែរក្សាសន្ដិភាពរបស់ អ.ស.ប និងស្ថិតក្នុងលេខរៀងទី២ នៃប្រទេសដែលបានបញ្ជូន កងកម្លាំងជានារី» ។

លោក ក៏បានថ្លែងអំណរគុណ ចំពោះក្រសួងកិច្ចការនារី ដែលបានបំពេញតួនាទីយ៉ាងសកម្ម ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ដ្រី ដោយចាត់ទុកថា ជាការងារយុទ្ធសាស្ដ្រអាទិភាព ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ ពង្រឹងអភិបាលកិច្ចល្អ អភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ចជាតិ ក្រោមវចនា «ជួយស្ដ្រីគឺជួយខ្លួនឯង»។

លោកឧបនាយករដ្ឋមន្ដ្រី សង្កេតឃើញថា មិនខុសពីស្ថាប័នឯទៀតដែរ ក្នុងចំណោមជួរអ្នកដឹកនាំកាន់តែខ្ពស់ គឺអត្រាស្ត្រីជាអ្នកដឹកនាំកាន់តែទាប ៕