ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង នាព្រឹកថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌមានជ័យចុះពិនិត្យមើលស្ថានភាពផ្ទាល់ ក្នុងទីតាំងស្ទឹងមានជ័យចាស់នេះ ដើម្បីធ្វើការជួសជុលផ្សារនេះឡើងវិញ បើមានការឯកភាពពីអាជីវករ ដោយសារស្ថានភាពផ្សារស្ទឹងមានជ័យចាស់ ដែលបានសាងសង់ឡើងតាំងពីទសវត្សរ៍ទី៦០ ធ្វើអំពីឈើប្រក់ក្បឿង មកដល់ពេលនេះមានលក្ខណៈចាស់ទ្រុឌទ្រោមយ៉ាងខ្លាំង ដែលនឹងអាចបង្កឲ្យមានគ្រោះថ្នាក់ ដល់បងប្អូនអាជីវករ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលចូលទៅទិញឥវ៉ាន់នៅក្នុងផ្សារនេះ។
គួរបញ្ជាក់ផងដែរថា ផ្សារស្ទឹងមានជ័យចាស់ តាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ផ្សារនេះ
បានកសាងឡើងក្នុងឆ្នាំ១៩៦៤ ដោយធ្វើអំពីឈើប្រក់ក្បឿង ដែលមានទំហំ ១៣ម៉ែត្រគុណនិង ១៨ម៉ែត្រ។ប៉ុន្តែមកដល់ពេលនេះ ដោយសារសត្វល្អិត ដូចជាកណ្តៀរ ខ្មូតជាដើមជាដើមចូលស៊ី និងដោយសារមានអាយុកាលយូរហើយនោះ បានធ្វើអោយតួផ្សារមានលក្ខណៈពុកផុយ ទើបរដ្ឋបាលខណ្ឌមានជ័យ ស្នើសុំមករដ្ឋបាលរាជធានីអោយធ្វើការជួសជុលឡើងវិញ ព្រោះខ្លាចមានគ្រោះថ្នាក់ដោយយថហេតុ ដោយបងប្អូនប្រជាពលរដ្ឋនិងអាជីវករ។
លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ ដែលជាម៉ែ ជាឪរបស់បងប្អូនប្រជាពលរដ្ឋ តែងបានគិតគូរយ៉ាងខ្លាំង អំពីសុខទុក្ខនិងការលំបាករបស់ប្រជាពលរដ្ឋ ។ ជាក់ស្ដែងនៅពេលនេះ ផ្សារស្ទឹងមានជ័យចាស់ ដែលបានកសាងឡើងតាំងពីទសវត្សរ៍ទី៦០មកនោះ ឃើញថាមានសភាពចាស់ទ្រុឌទ្រោម ហើយវានឹងអាច បង្កគ្រោះថ្នាក់ដល់បងប្អូនអាជីវករ និងប្រជាពលរដ្ឋ ខណៈដែលមានភ្លៀង ឬខ្យល់កន្ត្រាក់ម្តងៗ។ដូច្នេះទេរដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងធ្វើការជួសជុលផ្សារនេះ ឲ្យបានល្អប្រសើរឡើងវិញ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោក ឃួង ស្រេង បានបញ្ជាក់ថា គម្រោងនេះ បើបងប្អូនអាជីវករ មានការជំទាស់ មិនឲ្យធ្វើការជួសជុលឡើងវិញទេ អាជ្ញាធរក៏មិនធ្វើការជួសជុលវិញដែរ ។ តែបើមានប្រជាពលរដ្ឋ អាជីវករមានការគាំទ្រច្រើន លើសពីអ្នកមិនគាំទ្រ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការជួសជុលអោយបានល្អប្រសើរ ដោយរក្សានូវលំនាំដើមទាំងស្រុង៕