ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន២០% ចំណែកការដោះស្រាយផលប៉ះពាល់ គ្រោងបញ្ចប់នៅខែឧសភា ឆ្នាំ២០២០ ខាងមុខ។
នាឱកាសចុះពិនិត្យមើលសកម្មភាព និងវឌ្ឍនភាពសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ លោក យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនមានប្រសាសន៍ថា «ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសិក្សា និងដោះស្រាយផលប៉ះពាល់បាន ៧០% និងគ្រោងបញ្ចប់ការដោះស្រាយ ផលប៉ះពាល់នេះ នៅខែឧសភា ឆ្នាំ២០២០ខាងមុខនេះ»៕
សូមរំលឹកថា ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ បើកការដ្ឋានសាងសង់ កាលពីខែកក្កដា ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ មុនគម្រោងកំណត់ (ខែកញ្ញា ឆ្នាំ២០២២) ដោយសារក្រុមហ៊ុនមានកម្លាំង និងសម្ភារគ្រប់គ្រាន់ និងរាជរដ្ឋាភិបាលបានដោះស្រាយផលប៉ះពាល់ ឆាប់រហ័សជាងការរំពឹងទុក។
គម្រោងផ្លូវល្បឿនលឿននេះ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយឆ្លងកាត់ទឹកដី រាជធានីភ្នំពេញ ប្រវែង ៨,៣០គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ប្រវែង ៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុង ប្រវែង ១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុ ប្រវែង ៨៩,៨៩ គីឡូម៉ែត្រ។
តាមគម្រោង ផ្លូវល្បឿនលឿននេះ មានទទឹងតួផ្លូវ ២៤,៥ម៉ែត្រ និងក្រាលបេតុងកៅស៊ូ(AC)កម្រាស់ ១០សង់ទីម៉ែត្រ ដោយគន្លងផ្លូវធ្វើចរាចរចែកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ដែលអនុញ្ញាតឲ្យយានយន្តគ្រប់ប្រភេទ អាចបើកបរក្នុងល្បឿន រហូតដល់ ១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងកន្លែងខ្លះអាចបើកបរ ក្នុងល្បឿនដល់ ១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។
នៅលើកំណាត់ផ្លូវនេះ ក៏នឹងត្រូវសាងសង់លូគ្រប់ប្រភេទ ចំនួន ២៦៣កន្លែង ស្ពានតូចចំនួន ៥កន្លែង មានប្រវែងសរុប ១០៥ម៉ែត្រ ស្ពានធំ និងស្ពានមធ្យមចំនួន ៨០កន្លែង មានប្រវែងសរុប ៦,០១៥ម៉ែត្រ។ ជាមួយគ្នានេះ ក៏មានការសាងសង់ផ្លូវប្តូរទិសចរាចរណ៍ចំនួន ៧កន្លែង ផ្លូវប្រសព្វចំនួន ២៨កន្លែង ផ្លូវក្រោមផ្លូវល្បឿនលឿននេះចំនួន ២៣៧កន្លែង និងស្ពានរំលងផ្លូវចំនួន ២០កន្លែង ព្រមទាំងមានការសាងសង់តំបន់សេវាកម្ម ឬចំណតឈប់សម្រាកចំនួន ៣កន្លែង ចំណតរថយន្តចំនួន ១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវចំនួន ៤កន្លែង និងបញ្ជរបង់ប្រាក់ចំនួន ៩កន្លែង។
រាជរដ្ឋាភិបាល បានសម្រេចឲ្យមានការវិនិយោគ តាមរូបភាពសាងសង់-អាជីវកម្ម និងផ្ទេរ(BOT) ជំនួសវិញ ដើម្បីសម្រួលការដឹកជញ្ជូនផលិតផល ដំណាំកសិផល និងផលិតផលកសិ-ឧស្សាហកម្ម របស់ក្រុមហ៊ុនវិនិយោគ ទៅកាន់ទីផ្សារក្នុងស្រុក និងជាពិសេសទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈកំពង់ផែសមុទ្រអន្តរជាតិទឹកជ្រៅរបស់កម្ពុជា និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ មកពីគ្រប់តំបន់នៅទូទាំងប្រទេស ដោយចំណាយពេលវេលាតិច និងឆាប់រហ័ស៕