ភ្នំពេញ៖ ជាមួយសកម្មភាព សង្គមមិនអស់មិនហើយ និង កាន់តែធ្វើឲ្យគេស្គាល់បំផុត តាមរយៈក្រុមការងារសំរាម ពេលនេះពូឈីវ បានចូលរួមជួយដល់ក្រុមៗក្មេងកំព្រា និងតាស៊ីក្លូ តាមរយៈ ការកៀងករសុំដល់ថៅកែចិន និង សប្បុរសជនផ្សេងទៀត ជាមួយសកម្មភាពសប្បុរសធម៌នេះ ។
ពូឈីវ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់លោកថា «ដើរសុំលុយថៅកែៗចិនបាន ២លានរៀល ដើម្បីនាំកូនៗ កុមារកំព្រាៗជនជាតិដើមភាគតិចភូមិភាគឦសានទទួលទានអាហារឆ្ងាញ់ៗ និងទុកបំរុងខ្លះ និងបាននាំឲ្យចុះទស្សនកិច្ចសិក្សានៅលូបឹងត្របែក ព្រមទាំងយើងបានផ្តល់ដំបូន្មានល្អៗជាច្រើនជូនដល់កូនៗ ដើម្បីជួយកសាងជាតិយើងបន្តទៀត។#ពូឈីវយើងហ្នឹង #យុវជនសំរាម #ដើម្បីជំនាន់ក្រោយ» ។
ជាមួយគ្នានោះដែរ ពូឈីវ ក៏បានបង្ហោះសារមួយផ្សេងទៀត ពាក់ព័ន្ធសកម្មភាពជួយដល់តាស៊ីក្លូ ចំនួន ១៥០នាក់ និងជាការផ្តួចផ្តើមពីលោក ហួត តាំង ។
យុវជនសំរាមរូបនេះ បានសរសេរថា «បានចែកអំណោយជូនលោកតាៗស៊ីក្លូ ចំនួន ១៥០នាក់ ដែលជាការផ្តួចផ្តើមពី បងប្រុស ហួត តាំង និងចូលរួមចំណែកដោយក្រុមសមាគមន៍ចិន ព្រមទាំងអនិកជនខ្មែរ-កាណាដា នៅក្នុងខណ្ឌចំការមន។»
ពូឈីវ បានលើកឡើងថា នេះមិនមែនជាការសកម្មភាពចុងក្រោយនោះទេ លោកសប្បាយចិត្តណាស់ ដែលអាចធ្វើការកៀងករ និងសុំជំនួយពីសប្បុរសជនផ្សេងៗ ដើម្បីជួយដល់ កុមារ កំព្រា និង តាស៊ីក្លូ ហើយលោកនឹងប្តេជ្ញាចិត្ត ដើរសុំថវិកាបន្តទៀត ដើម្បីការងារសង្គមមួយនេះ ៕





















