ភ្នំពេញ៖ លោកក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានលើកឡើងថា បន្ទាប់ពីជំងឺរលាកផ្លូវដង្ហើម បង្កដោយវីរុសកូរ៉ូណា (Covid-19) ធូរស្រាលហើយនោះ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងកម្ពុជា-ចិន នឹងបញ្ចេញនូវភាពល្អប្រសើរ និងរឹងមាំខ្លាំងក្លាបន្ថែមទៀត ក្នុងពេលអនាគត ។
ក្នុងពិធីប្រគល់សម្ភារៈការពារទប់ស្កាត់វីរុសកូរ៉ូណា (Covid-19) ជូនក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន នៅស្ថានទូតចិន នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩នេះ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន បានថ្លែងថា តាំងពីប្រទេសចិនកើតមានជំងឺ Covid-19 គឺរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តែងតែរួមសុខរួមទុក្ខ ជាមួយប្រជាជនចិន ។ ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី បានយកព្រះទ័យទុកដាក់ ជាមួយប្រជាជនចិន និងផ្ដល់ការគាំទ្រដល់ប្រទេសចិន ជាច្រើនដង ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសមិនបិទជើងហោះហើរ មិនជម្លៀសប្រជាជន និងមិនរើសអើងប្រជាជនចិន ជាពិសេសផ្ដល់ការគាំទ្រយ៉ាងពេញទំហឹង ចំពោះរដ្ឋាភិបាលចិន ។
លោកបន្ថែមថា អ្វីដែលគួរឲ្យប្រទេសចិន រំភើបចិត្តនោះ ក្នុងគ្រាដែលប្រជាជនចិន កំពុងជួបការលំបាក គឺសម្ដចតេជោ ហ៊ុន សែន បានបំពេញទស្សនកិច្ច ជាបន្ទាន់នៅទីក្រុងប៉េកាំង ដែលនេះជាបង្ហាញឲ្យឃើញ ពីអត្ថន័យដ៏ជ្រាលជ្រៅរវាងចិន-កម្ពុជា ។ ហើយសម្ដេចពិជ័យសេនា ចូលរួមក្នុងកម្មវិធីប្រគល់សម្ភារៈថ្ងៃនេះ ក៏បានបញ្ជាក់ពីមនោសញ្ចេតនា យ៉ាងជ្រាលជ្រៅបំផុត រវាងក័ងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន ហើយនេះក៏ជាការលើកទឹកចិត្តដ៏រឹងមាំ របស់កម្ពុជា ជូនប្រជាជនចិន ។
លោកទូតចិន ជឿជាក់ថា បន្ទាប់ពីធូរស្រាល នៃជំងឺ Covid-19 លើកនេះ កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន លើគ្រប់វិស័យ នឹងបញ្ចេញនូវភាពកាន់តែល្អប្រសើរខ្លាំងក្លាបន្ថែមទៀត ក្នុងពេលអនាគតផងដែរ ។
លោកទូតបញ្ជាក់ថា ប្រឈមមុខជាមួយជំងឺ Covid-19 នេះ ប្រជាជនចិន ក្រោមការដឹកនាំដ៏រឹងមាំ របស់ប្រធានាធិបតី ស៊ី ជិនពីង គឺខិតខំប្រឹងប្រែងទប់ស្កាត់ជំងឺ Covid-19 ។ ឥឡូវស្ថានភាពរបស់ប្រទេសចិន ក្នុងការទប់ស្កាត់ ការរីករាលដាល់ នៃជំងឺ Covid-19 គឺមានភាពល្អប្រសើរកាន់តែខ្លាំងក្លាថែមទៀត យើងជឿជាក់ថា នៅក្នុងពេលអនាគតយើងនឹងទទួលជ័យជម្នះ យ៉ាងរឹងមាំនៅក្នុងការប្រយុទ្ធប្រឆាំងវីរុស Covid-19 ទោះបី Covid-19 មានភាពកាចសាហាវខ្លាំងមែនទែន ប៉ុន្តែមិនអាចរារាំងកិច្ចសហប្របត្តិការ ផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក រវាងចិន និងកម្ពុជា ។
ក្នុងឱកាសនោះដែរសម្ដេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា មែនទែនទៅរឿងសម្ភារៈ មិនជាច្រើនទេ ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺទឹកចិត្ត ដែលយើងអាចចូលរួម ជាមួយប្រទេសចិន រកវិធីទប់ស្កាត់ និងបង្ក្រាបនូវជំងឺដ៏កាចសាហាវនេះបាន កាន់តែឆាប់រហ័ស គឺកម្ពុជា សាទរកាន់តែខ្លាំង ។ យើងនឹងធ្វើអ្វីៗគ្រប់បែបយ៉ាងទាំងអស់ ចាត់ទុកជាការរួមចំណែក ក្នុងការជួយបំពេញភារកិច្ចរបស់មិត្តចិន ឲ្យកាន់តែពេញលេញថែមទៀត ។ កម្ពុជាជឿជាក់យ៉ាងមុតមាំថា សមត្ថភាពរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលមានការដឹកនាំដោយ ប្រធានាធិបតី ស៊ី ជិនពីង គឺអាចបង្ក្រាប និងបំបាត់នូវជំងឺទាំងនេះ នឹងទទួលបានជោគជ័យ ក្នុងពេលឆាប់ៗខាងមុខនេះជាក់ជាមិនខាន ៕