ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលការពារព្រំដែនទឹក កាលពីថ្ងៃទី២៧ កុម្ភៈ បានឃាត់នាវាសញ្ជាតិ Cameroon ឈ្មោះ MT-Courageous មួយគ្រឿង ផ្ទុកនាវិក ១៦នាក់ ដែលចូលមកបំពានដែនសមុទ្រកម្ពុជា និងធ្លាប់ធ្វើសកម្មភាពបំពានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចំពោះទណ្ឌកម្មលើប្រទេសកូរ៉េខាងជើងផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១ មីនាបានឱ្យដឹងថា នាវានេះបានចេញពីកំពង់ផែ Kao Hsiung នៃកោះតៃវ៉ាន់ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ លុះដល់ថ្ងៃទី២៦ ខែកុម្ភៈ បានបោះយុថ្កាបំពានដែនសមុទ្រកម្ពុជា នៅចន្លោះកោះតាង និងកោះប៉ូឡូវៃ ដើម្បីង់ចាំបទបញ្ជាថ្មីពីថៅកែ។
នាវាមួយគ្រឿងនេះក៏ធ្លាប់បានធ្វើសកម្មភាពបំពានទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើការដាក់ទណ្ឌកម្មប្រទេសកូរ៉េខាងជើង ដែលហាមឃាត់ការផ្ទេរទំនិញពីនាវាទៅនាវា។
បច្ចុប្បន្ននាវានេះ ត្រូវបានសមត្ថកិច្ចនគរបាលការព្រំដែនទឹក ឃាត់ និងបញ្ជូនទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី និងចាត់ការតាមច្បាប់