ហួសចិត្ត! បុរសម្នាក់មកប្ដឹងកុហក សមត្ថកិច្ចថា គេដាក់ថ្នាំយកម៉ូតូ ពេលដឹងរឿងពិតនិយាយលែងចេញ

0

ភ្នំពេញ៖ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២០ មានបុរសម្នាក់ ឈ្មោះ ធា រតនា ភេទ ប្រុសអាយុ ២៧ឆ្នាំ មុខរបរកម្មករ សំណង់បាន មកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាល រដ្ឋបាលជើងឯកថា មានគេដាក់ថ្នាំយកម៉ូតូ ម៉ាកហុងដា សេ ១២៥ ស៊េរី ឆ្នាំ២០២០ ទៅបាត់ នៅតាមផ្លូវបេតុង ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បើតាមលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាល ខណ្ឌដង្កោ បានឲ្យដឹងថា ក្រោយពីទទួល ពាក្យបណ្ដឹងរួច សមត្ថកិច្ច បានស្រាវជ្រាវ ទៅដល់កន្លែងកើតហេតុ ទើប ដឹងថា ម៉ូតូខាងលើត្រូវបុរសនេះ ខ្ចីពីប្អូនថ្លៃរបស់ខ្លួនថា ទៅ រកការងារធ្វើ តែបែជាបែកគំនិត ទៅលេងល្បែងចាញ់ លុយអស់ ហើយក៏យកម៉ូតូទៅបញ្ចាំ នៅផ្សារឃ្លាំងរំសេវ បានចំនួន ៩០០ដុល្លារ ដើម្បីយក ទៅសងគេវិញ ។

ក្រោយពីយកម៉ូតូ ខាងលើទៅបញ្ចាំ ហើយគ្មានពាក្យដោះសារជាមួយប្រពន្ធ និងប្អូន ក៏មកកុហកបំប៉ោង សភាពការណ៍ ប្តឹងសមត្តកិច្ចនគរបាល ប៉ុស្តិ៍ជើងឯកថា មានគេដាក់ថ្នាំ យក ម៉ូតូខាងលើទៅបាត់ ។ នៅពេលនេះ បុរសខាងលើ បានមក សុំទោស រាល់កំហុសដែលខ្លួន បានភូតភរ ទៅដល់សមត្ថកិច្ច ហើយថា មិនមានករណីគេដាក់ថ្នាំ យកម៉ូតូទេ ៕