ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានស្នើឲ្យក្រសួងធម្មការ និងសាសនា ក៏ដូចជាមន្ត្រីសង្ឃទូទាំងប្រទេស ពិនិត្យឡើងវិញ លើករណីព្រះសង្ឃមួយចំនួន ដែលទេសនាបែបកំប្លុកកំប្លែង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ពីពុទ្ធបរិស័ទ ដណ្ដើមបុខរបរលោក ព្រហ្ម ម៉ាញ អ្នកច្រៀងចម្រៀងអាយ៉ៃឆ្លើយឆ្លង ដ៏ល្បីម្នាក់នៅក្នុងប្រទេសកម្ពុជា ។
ក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះសង្ឃនាយករង ៣ព្រះអង្គ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការគ្រប់គ្រងរដ្ឋមួយ ទាមទារឲ្យយើងធ្វើសុខដុមបនីយកម្ម រវាងជាតិសាសន៍ និងសាសនា ដែលជាបញ្ហាដ៏ធំ ដែលមិនក្លាយទៅជាការ បែកបាក់ជាតិ ។ នៅប្រទេសខ្លះ ជម្លោះរវាងសាសនានេះ និងសាសនានោះ បានកើតឡើង ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា គឺល្អនៅត្រង់ថា មិនមានជម្លោះសាសនាកើតឡើងទេ ។
សម្ដេចសង្កេតឃើញថា គ្រាន់តែនៅក្នុងក្របខណ្ឌ ព្រះពុទ្ធសាសនា និកាយទាំងពីរត្រូវបាន រួមរស់ជាមួយគ្នា ដោយសុខដុមរមនាទៅលើការរៀបចំ ។ សម្ដេចថា ព្រះសង្ឃមានភារកិច្ច ដែលត្រូវចូលរួមដើម្បី ថែរក្សាសន្តិភាពរបស់ប្រទេស ។
សម្ដេចតេជោបន្ថែមថា ព្រះសង្ឃមានតួនាទី អប់រំពុទ្ធបរិស័ទ ដើម្បីចូលរួមកាពារ ជាតិ សាសនា ព្រះមហាក្សត្រ ហើយដំបូងបំផុតត្រូវការពារ សន្តិភាពឲ្យបានសិន បើការពារសន្តិភាពមិនបានទេ គឺមានការលំបាកហើយ ចឹងបានជាត្រូវដៅឲ្យចំចំណុចថា បើរដ្ឋដើរខុស សាសនានឹងរលាយតែម្ដង ។
សម្ដេចតេជោ គូសបញ្ជាក់ថា «តាស៊ុចទេសនាកំប្លុកកំប្លែងហ្នឹង ខ្ញុំព្រះករុណាខ្ញុំចេះតែចង់សួរថា ត្រឹមត្រូវ ឬអត់ ហើយបើមិនត្រូវទេដល់ពេល អនុសង្ឃវចរៈ គឺលេងតែម្ដងទៅ ដល់ពេលចាប់ផ្ដើមសម្ដែងធម្មទេសនា ក៏ច្រៀងតាមចឹងទៅ ចាបយំល្មើយៗ ព្រះសង្ឃខ្លះក៏ទេសនា តាមរបៀបកំប្លែងទៅ ហើយពុទ្ធបរិស័ទ ក៏ចេះតែសើចសប្បាយ ដល់ចឹងទៅជាដណ្ដើមការងារ ព្រហ្ម ម៉ាញអស់ទៅ ចឹងទេក៏គិតទៅដល់ពេល អនុសង្ឃវចរៈ មន្ត្រីសង្ឃទូទាំងប្រទេស ក៏គួរតែត្រូវពិនិត្យកែលម្អកន្លែងហ្នឹង ក្រសួងធម្មការក៏ត្រូវពិនិត្យថា តើត្រូវនឹងបែបបទព្រះពុទ្ធសាសនា ឬអត់ បើឡើងគ្រែទេសនា ហាក់ដូចជាឡើងគ្រែកំប្លែង ខ្ញុំមិនហ៊ានថាម៉េចទេ ទុកព្រះសង្ឃបកស្រាយទៅចុះ» ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ថ្លែងថា ដើម្បីឲ្យសាសនាមានការរីកចម្រើន អាចវាស់ស្ទង់ទៅលើ ចំណុចសំខាន់ៗចំនួន ៤ រួមមាន៖ ទី១.តាមរយៈក្របខណ្ឌនយោបាយ របស់គណបក្សប្រជាជនកម្ពុជា គឺបានធានានូវសុខសន្តិភាព ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ដែលធ្វើឲ្យវិស័យទាំង ពីររីកចម្រើនទន្ទឹមគ្នា ទី២.ប្រជាពលកម្ពុជាមាន សិទ្ធិសេរីភាពពេញលេញ ក្នុងការជ្រើសរើសជំនឿសាសនា របស់ខ្លួនទៅតាមការជឿជាក់ ទៅលើសាសនានោះ ដោយគ្មានការបង្ខិតបង្ខំ ទី៣.ដោយសារតែជីវភាព របស់ប្រជាពលរដ្ឋមានភាពល្អ ប្រសើរ ទើបធ្វើឲ្យពួកគាត់មាន ឱកាសក្នុងការធ្វើបុណ្យ ធ្វើទានគ្រប់ទីកន្លែង នឹងធ្វើឲ្យព្រះពុទ្ធសាសនា កាន់តែរីកចម្រើនទៅមុខ និងទី៤.នៅពេលវិស័យអាណាចក្រ មានការរីកចម្រើនហើយនោះ វិស័យពុទ្ធចក្រមានក៏មានការរីកចម្រើនដែរ ៕