ភ្នំពេញ៖ ក្រោមកិច្ចអន្តរាគមន៍ ជំនួយផ្នែកច្បាប់ របស់ក្រុមមេធាវីសិទ្ធិមនុស្ស នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្រ្តីជាប់ឃុំដែលមានកូន នៅជាមួយហើយស្លាប់នៅអាយុ ៥ខែ ត្រូវបានដោះលែងឲ្យមានសេរីភាព ចេញពីពន្ធនាគារហើយ នៅព្រឹកថ្ងៃទី២៨ កុម្ភៈនេះ ដោយទោសក្នុងពន្ធនាគាររយៈពេល ៨ខែ ១០ថ្ងៃ ត្រូវបានអនុវត្តចប់ ដោយគិតចាប់ពីថ្ងៃដែលឃុំខ្លួន ហើយទោសដែលនៅសល់ ត្រូវព្យួរ ។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២៨ កុម្ភៈនេះ គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា សង្ឃឹមថា ស្ត្រីជាប់ឃុំដែលត្រូវបានដោះលែង ឲ្យមានសេរីភាពនៅថ្ងៃនេះ នឹងខិតខំកែប្រែ កសាងខ្លួន ឈប់ពាន់ព័ន្ធជាមួយគ្រឿងញៀន និងក្លាយជាពលរដ្ឋល្អក្នុងសង្គម ។
សូមរំលឹកថា ក្រោយពីទទួលព័ត៌មាន ស្ដីពីការស្លាប់ទារិកាអាយុ ៥ខែ ដែលរស់នៅជាមួយម្ដាយ នៅមណ្ឌលអប់រំកែប្រែទី២ (ម២) នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយសារជំងឺរលាកសួតធ្ងន់ធ្ងរ គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា បានចាត់ក្រុមការងារស៊ើបអង្កេត ចុះធ្វើការស៊ើបអង្កេត ដោយផ្ទាល់នៅនឹងកន្លែង និងសម្រេចផ្ដល់មេធាវីការពារក្ដី តាមការស្នើសុំរបស់ស្ត្រីជាប់ឃុំ ដែលជាម្ដាយទារិកាដោយឥតគិតថ្លៃ កាលពីថ្ងៃទី១៩ កុម្ភៈកន្លងទៅនេះ ៕