ភ្នំពេញ៖លោជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានលើកឡើងថាវិធានការរដ្ឋបាលនិង ការអនុវត្តច្បាប់របស់សមត្ថកិច្ចចំពោះអ្នកដែលផ្សព្វផ្សាយលក់ផលិតផលតាប ណ្តាញសង្គមដោយបង្ហាញរូបភាពអាសអាភាស មិនមែនជាការរំលោភបំពានសិទ្ធិរបស់ពលរដ្ឋនោះទេ។
លោកជិនម៉ាលីនអ្នកនាំពាក្យក្រសួងយុត្តិធម៌បានអះអាងនិងបង្ហាញមូលហេតុដូចខាងក្រោម៖
១. ការបង្ហាញរូបភាពអាសអាភាសជាសាធារណៈតាមបណ្តាញសង្គម មិនត្រឹមតែប៉ះពាល់ដល់វប្បធម៌ប្រពៃណីខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពានបញ្ញត្តិច្បាប់ជាតិរបស់កម្ពុជាផងដែរ រួមមានរដ្ឋធម្មនុញ្ញ ក្រមព្រហ្មទណ្ឌ ច្បាប់ព្រហ្មទណ្ឌពិសេសផ្សេងៗទៀត ដែលស្ថាប័នអយ្យការនិងតុលាការជាអ្នកកំណត់នូវបទល្មើសនិងផ្តន្ទាទោសទៅតាមអង្គហេតុនិងអំពើល្មើសជាក់ស្តែងនីមួយៗ។
២. សិទ្ធិជាមូលដ្ឋានរបស់មនុស្សតាមច្បាប់អន្តរជាតិ មានគោលការណ៍គ្រឹះរួមជាមូលដ្ឋាន ប៉ុន្តែការអនុវត្តអាចមានភាពបត់បែនផ្សេងៗគ្នាទៅតាមបរិបទប្រទេសនិងតំបន់នីមួយៗ ដូចជាបរិបទសេដ្ឋកិច្ច សង្គម នយោបាយ ប្រវត្តិសាស្រ្ត និងវប្បធម៌ ជាដើម។ល។
ឧទាហរណ៍ប្រទេសដែលប្រកាន់របបរាជានិយមគឺគេដាក់ទោសអ្នកដែលប្រមាថព្រះមហាក្សដោយមិនចាត់ទុកថាជាសេរីភាពនៃការសំដែងមតិនោះទេចំណែកឯប្រទេសដែលប្រកាន់នូវវប្បធម៌ប្រពៃណីបែបអាស៊ីនិងសាសនាតឹងរឹង គេហាមប្រាមនូវការបង្ហាញរូបភាពអាសអាភាសបញ្ចេញកេរ្ត៍ភេទជាសាធារណៈដោយមិនចាត់ទុកថាជាសេរីភាពផ្នែករូបកាយឬរូបភាពនោះទេដែលខុសពីបណ្តាប្រទេសមួយចំនួននៅលោកខាងលិច។
៣. វិធានការរដ្ឋបាលនិងច្បាប់របស់សមត្ថកិច្ចក្នុងបរិបទនេះ គឺក្នុងគោលដៅថែរក្សានូវវប្បធម៌ប្រពៃណីរបស់ជាតិសាសគេ ក៏ដូចជាសណ្តាប់ធ្នាប់សាធារណៈផងដែរ។
៤.ក្រុមដែលធ្វើការគាំទ្រការផ្សព្វផ្សាយលក់ផលិតផលតាមបណ្តាញសង្គមដោយបង្ហាញរូបភាពអាសអាភាស ក្នុងបរិបទបែបនេះ ដោយសំអាងលើហេតុផលនៃការអនុវត្តសិទ្ធិសេរីភាព ហើយរិះគន់វិធានការរបស់សមត្ថកិច្ច គឺមិនបានធ្វើការឆ្លុះបញ្ចាំងពីទិដ្ឋភាពសិទ្ធិក្នុងបរិបទរបស់កម្ពុជាឡើយ ហើយហាក់ដូចជាកំពុងលើកទឹកចិត្តឱ្យមនុស្សបំពានច្បាប់និងបំផ្លាញនូវវប្បធម៍ប្រពៃណីដ៏ល្អផូរផង់របស់ជាតិសាសយើងដែលទស្សនៈនេះកំពុងតែដើរបញ្រ្ចាស់នឹងផ្នត់គំនិតរបស់ពលរដ្ឋខ្មែរភាគច្រើនលើសលប់នៅក្នុងសង្គមជាតិយើង៕