ភ្នំពេញ៖នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ តំណាងសហភាពសហជីព សហព័ន្ធសហជីព សមាគម និងអង្គការសង្គមស៊ីវិល ដែលធ្វើការលើកកម្ពស់សិទ្ធិការងារក្នុងប្រទេសកម្ពុជា បានសហការគ្នារៀបចំដាក់លិខិតទៅកាន់ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្នើឲ្យមានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីពិភាក្សាសាជាថ្មី អំពីការធ្វើវិសោធនកម្មបន្ថែមទៀត លើច្បាប់ស្ដីពីសហជីព។
តំណាងសហភាពសហជីព សហព័ន្ធសហជីព មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) បានធ្វើការវិភាគរួមទៅលើច្បាប់ស្ដីពីសហជីព និងច្បាប់វិសោធនកម្ម មាត្រា៣ មាត្រា១២ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ មាត្រា៥៥ នៃច្បាប់ស្ដីពីសហជីព ព្រមទាំងបទបញ្ញត្តិផ្សេងទៀតនៃច្បាប់ស្ដីពីសហជីព។ តំណាងសហជីព សមាគម និងសង្គមស៊ីវិល ពិនិត្យឃើញថា ទោះបីមានការកែសម្រួលមួយចំនួនទៅលើច្បាប់ស្ដីពីសហជីព និងច្បាប់ស្ដីវិសោធនកម្ម ដែលបានធ្វើកន្លងមកក៏ដោយ ក៏នៅតែមិនទាន់ស្របតាមស្តង់ដារការងារអន្តរជាតិនៅឡើយទេ ជាពិសេសស្តង់ដារដែលបានកំណត់ដោយអនុសញ្ញាស្នូលលេខ ៨៧ និង ៩៨ របស់អង្គការពលកម្មអន្តរជាតិផ្នែកការងារ ដែលប្រទេសកម្ពុជាបានផ្ដល់សច្ចាប័នតាំងពីឆ្នាំ១៩៩៩។
សូមរំលឹកថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋសភាជាតិនៃកម្ពុជា បានបើកអង្គប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ ដើម្បីពិនិត្យ និងអនុម័តលើសេចក្ដីព្រាងច្បាប់ស្ដីពីការធ្វើវិសោធនកម្ម មាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ មាត្រា៥៥ និងមាត្រា៥៩ នៃច្បាប់ស្ដីពីសហជីព ដែលត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥១៦/០០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦។ នៅក្នុងសម័យប្រជុំនោះសមាជិកសភាទាំងមូលបានអនុម័តទាំងស្រុងលើសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មមាត្រាមួយចំនួន នៃច្បាប់ស្ដីពីសហជីព ដោយអនុម័ត១០៧លើ១០៧សំឡេង៕