រាជរដ្ឋាភិបាលកម្ពុជា ត្រូវការថវិកាជិត ៤០០លានដុល្លារ ដើម្បីបោសសម្អាតមីន ឲ្យអស់ត្រឹមឆ្នាំ២០២៥

0

ភ្នំពេញ៖ ប្រមុខរាជរដ្ឋភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ចាប់ពីឆ្នាំ២០២០-២០២៥ កម្ពុជាត្រូវការថវិកាប្រមាណ ៣៧៧លានដុល្លារ ដើម្បីបោសសម្អាតមីន និងគ្រាប់បែកចង្កោម ដែលនៅសម័យសង្រ្កាម ក្នុងផ្ទៃដីប្រមាណ ៨០៦គីឡូម៉ែត្រក្រឡា ។

តាមរយៈសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធខួបលើកទី២១ នៃទិវាជាតិយល់ដឹងអំពីមីនដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា គ្រាប់មីន គ្រាប់បែកចង្កោមនិងសំណល់ជាតិផ្ទុះពីសង្រ្កាម មិនត្រឹមតែបង្កឲ្យប្រជាពលរដ្ឋធ្លាក់ខ្លួនពិការ ស្លាប់បាត់បង់ជីវិតប៉ុណ្ណោះទេ គឺថែមទាំងជាឧបសគ្គសម្រាប់ការស្ដារនិងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ ។

សម្ដេចបន្តថា ដើម្បីបង្កើនកិច្ចប្រតិបត្តិការ បោសសម្អាតមីនឲ្យសម្រេចបានតាម ផែនការយុទ្ធសាស្រ្តជាតិ “កម្ពុជាគ្មានមីនឆ្នាំ២០២៥” រាជរដ្ឋាភិបាល បានសម្រេចចូលរួមជាថវិកាបដិភាគចំនួន១០ភាគរយទៅគ្រប់គម្រោងថ្មីៗសម្រាប់ការបោសសម្អាតមីន ដើម្បីមនុស្សធម៌ជាលក្ខណៈទ្វេភាគី ឬពហុភាគី និងបានដាក់ចេញផែនការជាក់លាក់ដើម្បីបញ្ចប់ការស្រាវជ្រាវ ទិន្នន័យជាមូលដ្ឋាន ចំនួន៧៣ស្រុក នៅខេត្តភាគខាងកើត ក្នុងឆ្នាំ២០២០។

សូមបញ្ជាក់ថា គិតត្រឹមខែធ្នូ ឆ្នាំ២០១៩ កម្ពុជាបានរំដោះផ្ទៃដីមានមីនបានប្រមាណចំនួន១ ៩៧៩ ៤៧៦ ៦២៦ម៉ែត្រក្រឡា រកឃើញ និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ១០៨០ ៨១៤គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២៥ ១៨៦គ្រាប់ គ្រាប់បែកចង្កោមនិងសំណល់ជាតិផ្ទុះ ពីសង្រ្កាមចំនួន ២ ៨២៣ ៦២៦គ្រាប់៕