កម្ពុជាបន្តចោទសួរម៉ាឡេស៊ីថាពិតឬអត់ចំពោះការប្រកាសរកឃើញអ្នកផ្ទុកវីរុសកូរ៉ូណាម្នាក់ក្រោយចេញពីខ្មែរ

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ ២០២០នេះបានប្រាប់លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថាអ្នកដំណើរតាមនាវាទេសចរណ៍ Westerdamភាគច្រើនបានចេញពីកម្ពុជាទៅហើយដោយមិនមានផ្ទុកមេរោគអ្វីសោះឡើយលើកលែងតែអ្នកដំណើរម្នាក់ដែលឆ្លងកាត់ប្រទេសម៉ាឡេស៊ី ដែលរដ្ឋាភិបាលម៉ាឡេស៊ី និងសុខាភិបាលម៉ាឡេស៊ី បានបញ្ជាក់ថាមានជំងឺនេះ ប៉ុន្តែអ្វីយ៉ាងណាក៏ដោយ ក៏កម្ពុជាស្នើសុំឲ្យពិនិត្យឡើងវិញដែរ ថាតើពិតជាមានមែនឬអត់?

សំណួររបស់នាយករដ្ឋមន្រ្តីកម្ពុជាបែបនេះក៏ព្រោះថា ព្រោះថាអ្នកដំណើរ នៅកម្ពុជាទាំងប៉ុន្មាន ដែលបានធ្វើតេស្ត កន្លងមក គឺមិនមានមេរោគ Covid-19 ទេ ហើយអ្នកដំណើរដែលបានទៅដល់ប្រទេសថៃ ក៏ខាងរដ្ឋាភិបាលថៃ និងក្រសួងសុខាភិបាលថៃ បញ្ជាក់ថា មិនមានជំងឺនេះផងដែរ។ ម្យ៉ាងទៀតថ្មីៗនេះអ្នកធ្វើការនៅលើកប៉ាល់ ដែលជាជនជាតិឥណ្ឌូនេស៊ី ប្រមាណ២៦៣នាក់ ក៏ត្រូវបាន រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ី ប្រកាសថាមិនមានជំងឺនេះដែរ។

ក្នុងជំនួបជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ​នៅប្រទេសកម្ពុជាបានលើកឡើងថាលោក បានធ្វើដំណើរទៅគ្រប់ទិសទីទាំងអស់ រួមទាំងខេត្តព្រះសីហនុ ព្រលានយន្តហោះ និងកន្លែងដទៃទៀត ហើយក៏បានទទួលនូវការស្វាគមន៍ និងការយកចិត្តទុកដាក់យ៉ាងខ្លាំងពីប្រជាពលរដ្ឋកម្ពុជា ជាពិសេសនៅក្នុងការចូលចតរបស់នាវាទេសចរណ៍ Westerdam ដែលមានភាគច្រើនជាជនជាតិអាមេរិកនៅក្នុងនោះ។ លោកបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចតេជោ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងមូល ដែលបានឆ្លើយតបយ៉ាងឆាប់រហ័សជាទីបំផុត ក្នុងការទទួលឲ្យនាវាទេសចរណ៍ Westerdam បានចូលចតនៅខេត្តព្រះសីហនុ ។

លោកបានមានប្រសាសន៍ថា នេះជាកាយវិកា មនុស្សធម៌យ៉ាងពិតប្រាកដ ប្រសិនបើគ្មានការអនុញ្ញាតឱ្យចូលចតទេ នោះនឹងមានអ្វីដែលហៅថា វិបត្តិមនុស្សធម៌ជាមិនខាន។
ទន្ទឹមនឹងនោះ លោកបានជម្រាបជូនសម្ដេចតេជោផងដែរថា នេះជាកាយវិការមនុស្សធម៌ពិតៗ របស់សម្តេចតេជោ គឺជាកាយវិការមនុស្សធម៌នៅពេលដែលមនុស្សកំពុងតែត្រូវការចាំបាច់ហើយលោកក៏បានបញ្ជាក់ជម្រាបជូនសម្ដេចតេជោផងដែរថា ជាមួយនឹងកាយវិការនេះលោកក៏បានធ្វើការសហការជាមួយនឹងស្ថាប័នកម្ពុជា ជាពិសេសក្រសួងសុខាភិបាល ក្រសួងក្រសួងទេសចរណ៍ ក្រសួងសាធារណការ និងអាជ្ញាធរដែនដី គឺមានកិច្ចសហប្រតិបត្តិការល្អណាស់ហើយអ្វីដែលជាកត្តាសំខាន់នោះគឺនៅពេលនេះយើងមានមូលដ្ឋានកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំជាមួយនឹងក្រសួងសុខាភិបាល ហើយលោកបានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងបន្តសហការជាមួយនឹងកម្ពុជាបន្តទៀត។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះពាក្យពេចន៍ដ៏ល្អប្រសើរ របស់លោកPatrick Murphy ហើយសម្ដេចតេជោ បានមានប្រសាសន៍បន្ថែមថា អ្វីដែលកម្ពុជាធ្វើ គឺដើម្បីការងារមនុស្សធម៌សុទ្ធសាធ ពិសេសជាងនេះទៀតការងារដែលបានធ្វើនេះ គឺធ្វើដើម្បីបញ្ចៀសកុំឲ្យមានអ្វីដែលហៅថា វិបត្តិមនុស្សធម៌ ព្រោះថាប្រសិនណាបើនាវាទេសចរណ៍ Westerdam នេះ មិនត្រូវបានអនុញ្ញាតឱ្យចូលចតនៅកំពង់ផែខេត្តព្រះសីហនុទេ មិនដឹងថានាវានេះ ត្រូវបានទៅចូលចតនៅទីណាទេ ហើយម្យ៉ាងទៀតប្រសិនបើមានអ្វីកើតឡើងនៅលើនាវានោះ អ្នកដំណើរពិតជាមានបញ្ហាជាមិនខាន។

ជាមួយគ្នានេះផងដែរ សម្ដេចតេជោបានបញ្ជាក់ផងដែរថាកាយវិការរបស់កម្ពុជានៅពេលនេះ បើទោះបីនាវាទេសចរណ៍ Westerdam មានអ្នកជំងឺក្ដី ក៏កម្ពុជានៅតែឲ្យចូលចតនៅកម្ពុជាដែរ ហើយកាន់តែឱ្យចូលចតកាន់តែលឿនបំផុតទៀតផងព្រោះថាដើម្បីធ្វើយ៉ាងណាជួយសង្គ្រោះអ្នកជំងឺនៅលើកនាវាទេសចរណ៍នេះ ហើយក៏ដូចជាជួយសង្គ្រោះប្រជាពលរដ្ឋ ដែលនៅក្នុងនាវានោះមិនឲ្យឆ្លងពីអ្នកជំងឺដែលមានមេរោគ Covid-19។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តថា សម្ដេចបានចុះទៅដល់ខេត្តព្រះសីហនុ និងបានទៅកន្លែងនាវាចូលចត សម្ដេចតេជោពិតជាមានក្ដី សង្វេគចិត្តខ្លាំងណាស់ ពេលឃើញអ្នកដំណើរចុះមកពីនាវា ដោយទឹកមុខរីករាយ ហើយខ្លះទៀតបានឱនលុតជង្គង់ទៅដីដែលនោះគឺជាកាយវិកាមួយដែលធ្វើឱ្យសម្ដេចតេជោមានភាពតក់ស្លុតបំផុត៕