នាយករដ្ឋមន្ត្រី៖ EBA មិនមែនជារឿងគួរឲ្យ ភ័យខ្លាចរបស់កម្ពុជាទេ តែជំងឺ COVID-19 ទើបគួរឲ្យខ្លាច

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា បញ្ហាការដកប្រព័ន្ធអនុគ្រោះពន្ធ EBA មិនមែនជារឿងដែលគួរឲ្យ ភ័យខ្លាចសម្រាប់កម្ពុជានោះទេ ប៉ុន្តែផ្ទុយទៅវិញរឿងដែលគួរឲ្យភ័យខ្លាចនោះ គឺជំងឺ COVID-19 ដែលកំពុងតែរីករាលដាល នៅប្រទេសមួយចំនួនទៅវិញទេ ។

ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនគរុសិស្ស-និស្សិតជិត នៅព្រឹកថ្ងៃទី១៨ កុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវការសប្បាយរីករាយ នៅពេលទទួលបានព័ត៌មានពីចិនថា រកឃើញឱសថដែល អាចព្យាបាលជំងឺ COVID-19 បាន តាមរយៈការប្រើប្រាស់ថ្នាំព្យាបាល ជំងឺគ្រុនចាញ់ ប្រសិនបើព័ត៌មាននេះជាការពិត ហើយព្យាបាលមនុស្សជា គឺសភាពការណ៍អាចនឹងរំលត់បានក្នុងរយៈពេលដ៏ខ្លី ។

សម្ដេចក៏បានថ្លែងអំណរគុណ រដ្ឋាភិបាលចិន ដែលបានជួយថែរក្សាយកចិត្តទុកដាក់ ចំពោះនិស្សិតកម្ពុជា រាប់ទាំងនិស្សិត ២៣នាក់ នៅតំបន់វូហាន ដែលពួកគេមានសុខភាពល្អ ។ សម្តេចថា មិននឹកស្មានមានជនអាក្រក់ បំភ្លៃព័ត៌មានថា និស្សិតនៅវូហានស្លាប់ម្នាក់ ថែមទាំងថា សម្ដេចឆ្លងជំងឺ COVID-19 ដែលនេះជារឿងអកុសល ។

សូមរំលឹកថា គិតមកត្រឹមថ្ងៃទី១៨ កុម្ភៈនេះ អ្នកស្លាប់ដោយជំងឺកូរ៉ូណា ឬCOVID-19 មានចំនួន ១.៨៦៨នាក់ អ្នកឆ្លងចំនួន ៧៣.៣៤៨នាក់ និងជាសះស្បើយ ១០.៦១៥នាក់ ៕