សម្ដេចតេជោ អំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្ន ខណៈវៀតណាមខាងត្បូង ផ្ទុះជំងឺគ្រុនផ្ដាសាយបក្សីឡើងវិញ

0

ភ្នំពេញ៖ ស្របពេលដែលនៅ ប្រទេសវៀតណាមខាងត្បូង បានផ្ទុះឡើងវិញនូវ ជំងឺគ្រុនផ្ដាសាយបក្សី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារសុខភាព ។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិត បញ្ចប់ការសិក្សា ឆ្នាំ២០១៨-២០១៩ នៅវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោមានប្រសាសន៍ថា កាលពីប៉ុន្មានខែមុន មានករណីជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅកម្ពុជា ហើយមានមនុស្សមួយចំនួនចោទប្រកាន់ថា មកពីកម្ពុជានាំជ្រូកចូលពី វៀតណាមទើបធ្វើឲ្យមានជំងឺនេះ។ សម្ដេចបន្តថា ការប្រែប្រួលអាកាសធាតុ បានធ្វើឲ្យវៀតណាម សម្លាប់ជ្រូករាប់ម៉ឺនក្បាល។ សម្ដេចថា ជំងឺនៅលើពិភពលោកមានច្រើនប្រភេទ ដូច្នេះជំងឺវិរុសកូរ៉ូណា មិនមែនជារឿងថ្មីឡើយ អ្វីដែលថ្មីនោះ គឺរឿងភ័យខ្លាច និងការរើសអើង ។

សម្ដេចរំលឹកថា កាលពីកម្ពុជាធ្វើជាប្រធានអាស៊ាន កម្ពុជាស្នើឲ្យមានការកោះប្រជុំបន្ទាន់ នូវកិច្ចប្រជុំអាស៊ាន-ចិន ធ្វើឡើងនៅប្រទេសថៃ ហើយថៃធ្វើម្ចាស់ផ្ទះ កម្ពុជាធ្វើជាប្រធានអង្គប្រជុំ ពេលនោះ កម្ពុជាដាក់ចេញវិធានការថា បើប្រទេសណារកឃើញជំងឺ ប្រទេសនោះព្យាបាលឲ្យជា មុនពេលឲ្យគេត្រឡប់ទៅប្រទេសដើមវិញ ៕