ភ្នំពេញ៖ក្នុងឱកាសអញ្ជើញទទួលស្វាគមន៍អ្នកដំណើរតាមនាវាទេសចរយក្សចតនៅព្រះសីហនុ មុនផ្ទេរតាមយន្តហោះទៅប្រទេសវិញនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែនបានអះអាងថា ទោះបីភ្ញៀវទេសចរនៅលើនាវាWesterdamមានផ្ទុកវីរុសកូរ៉ូណា ក៏សម្ដេចអនុញ្ញាតឲ្យនាវាចូលចតផងដែរ។
បន្ថែមពីលើនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអនុញ្ញាតឲ្យភ្ញៀវចាកចេញពីលើនាវាទស្សនកិច្ចនៅខេត្តព្រះសីហនុនិងសៀបរាមតាមដែលអាចធ្វើទៅបាន។ជាពិសេសម្ចាស់សណ្ឋាគារនិងអាហារដ្ឋានមិនត្រូវមានការរើសអើងណាមួយចំពោះពួកគេនោះ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានអះអាងតាមរយៈគេហទំព័រហ្វេសប៊ុកនៅរាត្រីថ្ងៃទី១៣កុម្ភៈនេះថាលទ្ធផលផ្លូវការនៃការពិនិត្យវិភាគសំណាកផ្លូវដង្ហើមចំពោះអ្នកទេសចរតាមកប៉ាល់ Westerdam ចំនួន២០នាក់ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បង្ហាញថា អវិជ្ជមានវីរុសកូរ៉ូណាប្រភេទថ្មី ។
សូមរំលឹកថា នាវាទេសចរណ៍ដ៏ធំមួយឈ្មោះថា MS Westerdam របស់សហរដ្ឋអាមេរិក ដែលមានទេសចរជាង២,២៥៧នាក់ ដែលនៅថ្ងៃទី ១៣ កុម្ភៈព្រឹកនេះបានចូលមកដល់កំពង់ផែក្រុងព្រះសីហនុហើយបន្ទាប់ពីបានស្នើសុំចុះចតនៅតាមប្រទេសនិងកោះចំនួន៦ មកហើយ តែត្រូវបានបដិសេធមិនអោយចូលចត ដោយសារភ័យខ្លាចមានអ្នកដំណើរមានផ្ទុកមេរោគកូរ៉ូណាថ្មី ដែលពេលនេះមានឈ្មោះជាផ្លូវការថា កូវីដ-១៩ (Covid-19)។ដើម្បីធានាសុវត្ថិភាពទាំងអស់គ្នាគឺមន្រ្តីជំនាញរបស់ក្រសួងសុខាភិបាលបានធ្វើការពិនិត្យអាការសុខភាពរបស់អ្នកដំណើរទាំងអស់មុនពេលអនុញ្ញាត្តិអោយចេញក្រៅនាវា៕