ភ្នំពេញ៖ បុរសម្នាក់ខណៈកំពុងតែ ធ្វើកាំជ្រួចកែច្នៃខុសបច្ចេកទេស បណ្ដាលឲ្យផ្ទុះដាច់ក្បាលចេញពីខ្លួន ស្លាប់យ៉ាងអណោចអធ័ម ហេតុការណ៍នេះបានកើតឡើង នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ។
បើតាមលោក ភួន ឈីម អភិបាលស្រុកបាទី បានថ្លែងឲ្យដឹងថា ពិតជាមានករណីផ្ទុះកាំជ្រួចពិតមែន ដោយជនរងគ្រោះមានឈ្មោះ កែវ ឈិន អាយុ ៥០ឆ្នាំ មានមុខរបរជាអ្នកធ្វើកាំជ្រួចលក់គ្រប់ធុន មានទីលំនៅកន្លែងកើតហេតុខាងលើ។
លោកអភិបាលស្រុកបន្តថា ជាជំហ៊ានដំបូងយើងសន្និដ្ឋានថា មូលហេតុផ្ទុះនេះ គឺបណ្ដាលមកពីលាយរំសែវខុសបច្ចេកទេស ដែលនាំឲ្យកាំជ្រួចផ្ទុះបណ្ដាលឲ្យ សាកសព្វជនរងគ្រោះដាច់ខ្ទេចខ្ទី តែទោះជាយ៉ាងណាសមត្ថកិច្ច កំពុងតែបន្តសាកសួរប្រពន្ធជនរងគ្រោះ និងអ្នកនៅក្នុងហេតុការណ៍នេះបន្តទៀត ៕


