អន្តរជាតិសរសើរព្រោងព្រាតពីសកម្មភាពមនុស្សធម៌របស់សម្ដេចតេជោ ហ៊ុន សែន ដែលឲ្យនាវា Westerdam ចូលចតនៅព្រះសីហនុ

0

ភ្នំពេញ៖ ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គែប្រេយេសឹស (Tedros Adhanom Ghebreyesus) លោក W. Patrick Murphy អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងសហគមន៍អន្តរជាតិនានាបានសម្ដែងការកោតសរសើរយ៉ាងព្រោងព្រាតជាបន្តបន្ទាប់ចំពោះសកម្មភាពមនុស្សធម៌ពោលគឺជួយគ្នាក្នុងគ្រាក្រ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានអនុញ្ញាតឲ្យនាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក «Westerdam» ចូលចតនៅកំពង់ផែព្រះសីហនុខណៈប្រទេសនិងកោះចំនួន៦មិនឲ្យចូលចតស្របពេលនាវាមួយនេះកំពុងជួបគ្រោះអាសន្នផ្សេងៗ។

បើតាម លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានថ្លែងថា តាមស្ថិតិដែលលោកទទួលបានមិនមានវត្តមានជនជាតិចិនមកពីវ៉ូហាននៅលើនាវាWesterdam នោះទេពោលគឺមានអណិកជនចិនតែម្នាក់គត់ក្នុងចំណោមមនុស្សជាង២ពាន់នាក់។

 

ថ្លែងប្រាប់អ្នកកាសែតក្នុងឱកាសអញ្ជើញទៅទទួលអ្នកដំណើរលើ នាវាWesterdam នៅព្រឹកថ្ងៃទី១៣កុម្ភៈនេះ លោក គួច ចំរើន បានឲ្យដឹងបន្ថែមថា ក្រុមគ្រូពេទ្យជំនាញរបស់កម្ពុជាបានទៅយកសំណាក់ជនបរទេសប្រមាណ២០នាក់ដែលសង្ស័យមានភាពមិនប្រក្រតីមកពិនិត្យដើម្បីរកមេរោគកូរ៉ូណាខណៈគណៈគ្រប់គ្រងនាវាអះអាងថាពួកគេមិនទាន់មានផ្ទុកវីរុសកូរ៉ូណានោះទេ។

សូមរំលឹកថា បន្ទាប់ពីទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែននាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក «Westerdam» ដែលបណ្ដាលប្រទេសនានាមិនឲ្យចតខ្លាចមេរោគកូរ៉ូណាបានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុហើយនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក «Westerdam» ដែលផ្ទុកមនុស្សសរុបប្រមាណ២២០០នាក់ ក្នុងនោះអ្នកទេសចរប្រមាណ១៤៥៥នាក់ និងបុគ្គលិកបម្រើការ ៨០២នាក់ បានចេញធ្វើដំណើរចេញពីទីក្រុងហុងកុង កាលពីថ្ងៃទី១ ខែកុម្ភៈ ដើម្បីចូលទៅប្រទេសហ្វីលីពីន តែត្រូវអាជ្ញាធរនេះបដិសេធ ដោយបារម្ភខ្លាចអ្នកទេសចរនៅលើនាវានេះមានផ្ទុកជំងឺថ្មី ដែលបង្កដោយមេរោគ «កូរ៉ូណា» ឬ «COVID19»៕