ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានថ្លែងថា តាមស្ថិតិដែលលោកទទួលបានមិនមានវត្តមានជនជាតិចិនមកពីវ៉ូហាននៅលើនាវា Westerdam នោះទេពោលគឺមានអណិកជនចិនតែម្នាក់គត់ក្នុងចំណោមមនុស្សជាង២ពាន់នាក់។
ថ្លែងប្រាប់អ្នកកាសែតក្នុងឱកាសអញ្ជើញទៅទទួលអ្នកដំណើរលើ នាវា Westerdam នៅព្រឹកថ្ងៃទី១៣កុម្ភៈនេះ លោកគួច ចំរើន បានឲ្យដឹងបន្ថែមថា ក្រុមគ្រូពេទ្យជំនាញរបស់កម្ពុជាបានទៅយកសំណាក់ជនបរទេសប្រមាណ២០នាក់ដែលសង្ស័យមានភាពមិនប្រក្រតីមកពិនិត្យដើម្បីរកមេរោគកូរ៉ូណា ខណៈគណៈគ្រប់គ្រងនាវាអះអាងថាពួកគេមិនទាន់មានផ្ទុកវីរុសកូរ៉ូណានោះទេ។
សូមរំលឹកថា បន្ទាប់ពីទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែននាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក «Westerdam» ដែលបណ្ដាលប្រទេសនានាមិនឲ្យចតខ្លាចមេរោគកូរ៉ូណាបានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុហើយនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក «Westerdam» ដែលផ្ទុកមនុស្សសរុបប្រមាណ២២០០នាក់ ក្នុងនោះអ្នកទេសចរប្រមាណ១៤៥៥នាក់ និងបុគ្គលិកបម្រើការ ៨០២នាក់ បានចេញធ្វើដំណើរចេញពីទីក្រុងហុងកុង កាលពីថ្ងៃទី១ ខែកុម្ភៈ ដើម្បីចូលទៅប្រទេសហ្វីលីពីន តែត្រូវអាជ្ញាធរនេះបដិសេធ ដោយបារម្ភខ្លាចអ្នកទេសចរនៅលើនាវានេះមានផ្ទុកជំងឺថ្មី ដែលបង្កដោយមេរោគ «កូរ៉ូណា» ឬ «COVID19»៕

